ទស្សនាវដ្តី Forbes បាននិយាយថាលោកស្រីគឺជាស្ត្រីម្នាក់ ក្នុងចំណោមស្ត្រីដែលមានឥទ្ធិពលបំផុតនៅក្នុងទ្វីបអាហ្វ្រិក។ទ្រព្យសម្បត្តិសុទ្ធរបស់លោកស្រី មានជាង 3,5 ពាន់លានដុល្លារ។លោកស្រីអ៊ីសាប៊ែល បានក្លាយទៅជាមហាសេដ្ឋីស្ត្រីដំបូងបង្អស់នៅក្នុងប្រទេសនេះ។
លោកស្រីអ៊ីសាប៊ែល ជានិស្សិតផ្នែកវិស្វកម្មនៅមហាវិទ្យាល័យ King នៅទីក្រុងឡុង។ បន្ទាប់ពីបញ្ចប់ការសិក្សាគាត់បានបើកភោជនីយដ្ឋានមួយដែលមានឈ្មោះថា Miami Beach នៅអាយុ 24 ឆ្នាំ ដែលជាភោជនីយដ្ឋាននៅឆ្នេរខ្សាច់ដំបូងគេនិងក្លឹបរាត្រីនៅកោះលូណាដា។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ក្រោយមកទៀតលោកស្រីអ៊ីសាប៊ែល បានរីកចម្រើនលើភាពជាសហគ្រិននេះយ៉ាងឆាប់រហ័ស។
បច្ចុប្បន្នលោកស្រីគឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនមួយចំនួននៅក្នុងប្រទេសព័រទុយហ្គាល់ និងអង់ហ្គោឡា និងមានភាគហ៊ុនយ៉ាងច្រើននៅក្នុងអាជីវកម្មជាច្រើនដែលរួមបញ្ចូលទាំងផ្នែកផ្តល់សេវាកម្មទូរទស្សន៍ខ្សែកាបនិងធនាគារផងដែរ។ លោកស្រីអ៊ីសាប៊ែលមានភាគហ៊ុន 19,5% នៅក្នុងក្រុមហ៊ុន Banco BPI ដែលជាក្រុមហ៊ុនមួយក្នុងចំណោម ក្រុមហ៊ុនធំបំផុតនៅព័រទុយហ្គាល់ដែលមានតម្លៃប្រមាណ465 លានដុល្លារ។
លោកស្រីក៏មានភាគហ៊ុន 25% នៅក្នុងធនាគារ Banco BIC ដែលមានតម្លៃច្រើនជាង 160 លានដុល្លារ។ មុននេះលោកស្រីអ៊ីសាប៊ែល មានភាគហ៊ុន 4,9% នៅក្នុង ZON Multimedia ដែលជាអ្នកផ្តល់សេវាកម្មទូរទស្សន៍ខ្សែកាបធំបំផុតនៅព័រទុយហ្គាល់ប៉ុន្តែថ្មីៗនេះនាងបានបង្កើនចំណែកភាគហ៊ុនដល់ 28,8% ។ ចំណូលពីក្រុមហ៊ុនទាំងនេះបានបង្កើតទ្រព្យសម្បត្តិសុទ្ធដល់ជាង1 ពាន់លានដុល្លារ។
ក្រៅពីនេះ លោកស្រីអ៊ីសាប៊ែល កាន់កាប់ភាគហ៊ុន25% នៅក្នុងក្រុមហ៊ុន Unitel ដែលជាបណ្តាញទូរស័ព្ទចល័តធំជាងគេនៅក្នុងប្រទេសអង់ហ្គោឡា។ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថាលោកស្រីអ៊ីសាប៊ែលបានចំណាយជាង 4 លានដុល្លារក្នុងពិធីអាពាហ៍ពិពាហ៍របស់គាត់ ដែលមានក្រុមចម្រៀងពិសេស អញ្ជើញពីប្រទេសបែលហ្ស៊ិកនិងយន្តហោះពីរគ្រឿងមកពីប្រទេសបារាំងដើម្បីនាំយកម្ហូបអាហារមកក្នុងកម្មវិធី។ ភ្ញៀវជាង 800 នាក់បានចូលរួមពិធីមង្គលការនោះដោយមានសាច់ញាតិមិត្តភក្តិ និងប្រធានាធិបតីអាហ្វ្រិកមួយចំនួនផងដែរ។
លោកស្រីអ៊ីសាប៊ែល ក៏ធ្លាប់បម្រើការងារឱ្យក្រុមហ៊ុនអាល្លឺម៉ង់ហើយក្រោយមកបានផ្ដើមអាជីវកម្មឡាន ក្រោយមកលោកស្រីបានចាប់អារម្មណ៍លើវិស័យទូរគមនាគមន៍។លោកស្រីក៏ធ្លាប់បំរើការងារ ឲ្យក្រុមហ៊ុន Urbana 2000 ជាប្រធានគម្រោងវិស្វករ។ ជាមួយនឹងការពង្រីកចំណាប់អារម្មណ៍ក្នុងអាជីវកម្ម គាត់បានវិនិយោគក្នុងសហគ្រាសធំ ៗជាច្រើន។ ការកាន់កាប់ភាគហ៊ុននាពេលបច្ចុប្បន្នរួមមានក្នុងក្រុមហ៊ុន Unitel ក្រុមហ៊ុនហិរញ្ញវត្ថុ Santoro ក្រុមហ៊ុន Condis ក្រុមហ៊ុន Esperanza និងមានច្រើនទៀត។
Publico ជាកាសែតព័រទុយហ្គាល់បានរៀបរាពីលោកស្រីអ៊ីសាប៊ែលកាលពីឆ្នាំ 2007 ថា "ជាអ្នកជំនួញល្អណាស់ សកម្មនិងឆ្លាតវៃ ដែលមានជំនាញវិជ្ជាជីវៈនិងរួសរាយរាក់ទាក់"។
បច្ចុប្បន្នលោកស្រីអ៊ីសាប៊ែល ជាប្រធាននៃកាកបាទក្រហមអង់ហ្គោឡា។ ដោយមានភាគហ៊ុនក្នុងក្រុមហ៊ុនជាច្រើនធ្វើឲ្យលោកស្រី ក្លាយទៅជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានបំផុតមិនត្រឹមតែនៅក្នុងទ្វីបអាហ្វ្រិកប៉ុណ្ណោះទេប៉ុន្តែឈរនៅលំដាប់កំពូលក្នុងពិភពលោកផងដែរ៕