ក្រុងបាងកក៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវរដ្ឋលេខាធិការ កុយ សុដានី បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម(NESDC)នៃព្រះរាជាណាចក្រថៃ តំណាងដោយលោក Danucha Pichayanan អគ្គលេខាធិការ NESDC ក្នុងគោលបំណងបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងស្មារតីយោគយល់គ្នា និងសុច្ឆន្ទៈ និងបង្កើនចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងវិស័យភស្តុភារកម្ម។
ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់នេះ ធ្វើឡើងដោយការស្ម័គ្រចិត្តសម្រាប់កិច្ចសហប្រតិបត្តិការលើផ្នែកគោលនយោបាយ និងការគាំទ្រលើវិសាលភាព និងទិសដៅគន្លឹះជាអាទិ៍៖
១) កម្រិតក្របខណ្ឌគោលនយោបាយរួមមានគោលនយោបាយភស្តុភារកម្ម ក្របខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិ ក្របខណ្ឌស្ថាប័ន យន្តការសម្របសម្រួល និងការសម្រេចចិត្តដំណើរការនៃការអនុវត្ត តាមដាន និងវាយតម្លៃគោលនយោបាយ
២) សូចនាករ និងប្រព័ន្ធផ្ទុកទិន្នន័យភស្តុភារកម្ម រួមមានថ្លៃចំណាយភស្តុភារកម្មធៀបនឹងកំណើនផលិតផលក្នុងស្រុកសរុប (Logistics Cost per GDP) និងសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម (LPI: Logistics Performance Index) ៣) គាំទ្រគ្នាទៅវិញទៅមកក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និងសមត្ថភាពរបស់ភាគីពាក់ព័ន្ធក្នុងវិស័យភស្តុភារកម្ម។
ភាគីទាំងបានពិភាក្សា និងចែករំលែកទៅវិញទៅមកអំពីសាវតារនៃការរៀបចំ និងការអនុវត្តគោលនយោបាយស្តីពីការអភិវឌ្ឍវិស័យភស្តុភារកម្ម ក្នុងនោះរួមមានការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មជាវិស័យអាទិភាព និងចាំបាច់បំផុតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិផងដែរ។
ថ្លែងក្នុងជំនួបនោះ លោកជំទាវរដ្ឋលេខាធិការបានជម្រាបជូនភាគីថៃអំពីការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការតាក់តែងសេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មនៅកម្ពុជា។
លោកជំទាវបានបញ្ជាក់ថា ផែនការមេនេះក៏មានបញ្ចូលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងផ្នែកទន់ ដែលរួមមានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនផ្លូវថ្នល់ ផ្លូវដែក ផ្លូវល្បឿនលឿន ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ អាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម ដែលត្រូវការទឹកប្រាក់ប្រមាណ៥០ពាន់លានដុល្លាសហរដ្ឋអាមេរិកសម្រាប់រយៈពេល១០ឆ្នាំ៕