រាជធានីភ្នំពេញ៖ របាយការណ៍ពីនិយតករទូរគមនាគមន៍កម្ពុជា បានពង្ហាញទិន្នន័យថា នៅកម្ពុជា មានការប្រើអ៊ីនធឺណិតតាមទូរស័ព្ទដៃ មានចំនួនរហូតទៅដល់ ១៧,២ លានគ្រឿង។
គិតត្រឹមខែតុលា ២០២១ ចំនួននៃការប្រើប្រាស់ទូរស័ព្ទចល័តមានចំនួន ២0លានគ្រឿង ស្មើនឹង ១២៥ ភាគរយធៀបនឹងចំនួនប្រជាជនសរុបជាង 16 លាននាក់។ តួលេខបង្ហាញថា ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណេតមានកាន់តែច្រើន ដោយសារប្រជាជនកម្ពុជាមួយចំនួន មានស៊ីមកាតនិងទូរស័ព្ទច្រើនជាងមួយ។
នៅក្នុងប្រទេសកម្ពុជា មានក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណេតចល័តចំនួន៥ និងអ្នកផ្តល់សេវាអ៊ីនធឺណែតចំនួន៣៥ ដែលក្នុងនោះ ប្រព័ន្ធ 4G បានគ្រប់ដណ្ដប់ក្នុងប្រទេស ដល់៨២ ភាគរយ។ កម្ពុជា ក៏មានបណ្ដាញខ្សែកាបអុបទិកក្រោមបាតសមុទ្រពីរខ្សែ ដែលខ្សែទីមួយ តភ្ជាប់ពីកម្ពុជាទៅប្រទេសថៃ និងម៉ាឡេស៊ី និងខ្សែទីពីរ តភ្ជាប់កម្ពុជាទៅកាន់ប្រទេសចំនួន១៨ នៃទ្វីបអាស៊ី អាហ្រ្វិក និងអឺរ៉ុប៕