ទីក្រុងអង់ការ៉ា៖ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Mevlüt Çavuşoğlu រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋតួកគី បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងអង់ការ៉ា។ បច្ចុប្បន្ន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសទួរគី គឺលោក មាស គឹមហេង។
តាមប្រកាសព័ត៌មានរបស់ក្រសួង បានបញ្ជាក់ថា វត្តមានរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសតួកគី ចន្លោះពីថ្ងៃទី២០-២២ ខែតុលា ឆ្នាំ២០១៨ គឺជាការបើកទំព័រសករាជថ្មី នៃទំនាក់ទំនងយ៉ាងស្វាហាប់រវាងកម្ពុជា តួកគី។
ក្នុងថ្ងៃសម្ពោធនេះ ឯកឧត្តម ប្រាក់ សុខុន និងរដ្ឋមន្រ្តីការបរទេស តួកគី ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធទ្វេរដង និងការទប់ស្កាត់ការគេចវេសពីសារពើពន្ធទាក់ទងនឹងពន្ធលើប្រាក់ចំណូល និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងគ្នាដែរ។
រដ្ឋមន្រ្តីទាំងពីរបានសម្ដែងនូវការប្ដេជ្ញាចិត្ត ដើម្បីជម្រុញពាណិជ្ជកម្មទ្វេភាគីឲ្យបានដល់ ១ពាន់លានដុល្លារអាមេរិក ទៅតាមសក្ដានុពលសេដ្ឋកិច្ចដែលមាន និងលើកទឹកចិត្តឲ្យមានការប្រជុំញឹកញ៉ាប់នៃធុរកិច្ចជនក្នុងប្រទេសទាំងពីរ៕