រាជធានីភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្រកាសជាផ្លូវការថា ធនាគារ CHINA DEVELOPMENT BANK (CDB) ជាស្ថាប័ន អភិវឌ្ឍន៍ហិរញ្ញវត្ថុធំជាងគេនៅលើពិភពលោក បានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានរយៈពេលវែងដល់ធនាគារ អេស៊ីលីដាភីអិលស៊ី ចំនួន ១៣០.០០០.០០០ ដុល្លារអាមេរិក (មួយរយសាមសិបលានដុល្លារអាមេរិក)។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថាការធ្វើពិពិធកម្មនៃប្រភពទុន មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីគាំទ្រយុទ្ធសាស្រ្តរីកចម្រើនប្រកបដោយចីរភាពរបស់ធនាគារ។ ធនាគារ ជាក្រុមហ៊ុនបោះផ្សាយមួយក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាអាចប្រមូលទុនពីទីផ្សារមូលបត្រ ដើម្បីពង្រឹងដើមទុន ចំណែកឯប្រាក់បញ្ញើសន្សំដែលបានមកពីប្រាក់បញ្ញើទីផ្សារហិរញ្ញវត្ថុសម្រាប់តម្រូវការដើមទុនរយៈពេលខ្លី រីឯហិរញ្ញប្បទានទទួលបានពីស្ថាប័នអន្តរជាតិដូចជា ធនាគារ CDB សម្រាប់គាំទ្រដល់ការរីកចម្រើនរយៈពេលវែងរបស់ធនាគារ។
ហិរញ្ញប្បទានរយៈពេលវែងចំនួន ១៣០.០០០.០០០ ដុល្លារអាមេរិក (មួយរយសាមសិបលានដុល្លារអាមេរិក) ពី ធនាគារ CDB នេះ ធនាគាររំពឹងថានឹងផ្តល់ឥណទានថ្មីដល់សហគ្រាសខ្នាតតូច និងមធ្យម យ៉ាងហោចណាស់ចំនួន ៥.០០០ សហគ្រាស បន្ថែមទៀត។
លោក Lyu Zhinan អគ្គនាយករងធនាគារ CHINA DEVELOPMENT BANK GUANGXI BRANCH (CDB) មានប្រសាសន៍ថា នេះគឺជាលើកទី២ហើយដែលធនាគារទាំងពីរបានធ្វើកិច្ចសហការជាមួយគ្នា។ ធនាគារអេស៊ីលីដា ភីអិលស៊ី ជាធនាគារធំ ដែលគាំទ្រការអភិវឌ្ឍន៍សហគ្រាសខ្នាតតូចនិងមធ្យមនៅប្រទេសកម្ពុជា។ CDB មានការជឿជាក់យ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការផ្តល់ហិរញ្ញប្បទាននេះនឹងជួយសហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជាកាន់តែច្រើនក្នុងការទប់ទល់នឹងស្ថានភាពនៃការរីករាលដាលនៃជំងឺជាសកល បង្កើតផលិតកម្មឡើងវិញនិងផ្តល់នូវផលវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាឡើងវិញ។
សូមបញ្ជាក់ជូនដែរថា គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២០ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ២៥,០១ ទ្រីលានរៀល (ឬ ៦,១៥ ប៊ីលានដុល្លារអាមេរិក) សមតុល្យឥណទានសរុបចំនួន ១៦,២២ ទ្រីលានរៀល (ឬ ៣,៩៩ ប៊ីលានដុល្លារអាមេរិក) និងប្រាក់បញ្ញើសន្សំសរុបចំនួន ១៧,៦៩ ទ្រីលានរៀល (ឬ ៤,៣៥ ប៊ីលានដុល្លារអាមេរិក)៕