រាជធានីភ្នំពេញ៖  កងទ័ពវៀតណាម បានស្នើបង្កើតទូរស័ព្ទទាន់ហេតុការណ៍ (Hot Line) ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាដែលអាចកើតមានឡើងអោយបានទាន់ពេលវេលា រួមទាំងការសង្គ្រោះ និងបញ្ហាបន្ទាន់ រួមទាំងការចែករំលែកព័ត៌មានស្តីពីសន្តិសុខ និងសុវត្ថិភាពព្រំដែន។

ការស្នើនេះក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន បានទទួលជួបលោក ឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម កាលពីថ្ងៃ១៩ ខែមីនា ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ឯក ក៏បានបង្ហាញពីគម្រោងនៃការបើកកិច្ចប្រជុំរវាង កងទ័ពទាំងពីរនៅព្រំដែន ដើម្បីពង្រឹងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។

សំណើនេះ ត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍និងគាំទ្រឲ្យមានកិច្ចសហប្រតិបត្តិការបន្តទៀត តាមការស្នើឡើងរបស់ឧត្តមសេនីយ៍ Nguyen Tan Koeung។ 

សម្ដេចតេជោ ក៏បានលើកទឹកចិត្តកងកម្លាំងទ័ពប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការ និងស្វែងរកកិច្ចសហប្រតិបត្តិការផ្សេងទៀត ដើម្បីធានាសុវត្ថិភាព និងសន្តិសុខជូនប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែន និងធ្វើអាជីវកម្មដោយគ្មានការភ័យខ្លាច ដោយកែប្រែព្រំដែនដែលធ្លាប់ជាសមរភូមិ ទៅជាតំបន់អភិវឌ្ឍន៍សន្តិភាព និងមិត្តភាព៕