ភ្នំពេញ៖ អង្គភាព CMAC ធ្វើការរំដោះផ្ទៃដីចម្ការមីន/ចម្ការគ្រាប់សរុបចំនួនជាង៣៥.៦៥២.០០០ម៉ែត្រក្រឡា ស្មើនិងរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន១៥.៣៤៨គ្រាប់។ នេះបើយោងតាម ការលើកឡើងរបស់ឯកឧត្តម ហេង រតនា ក្នុងកិច្ចប្រជុំប្រចាំខែឧសភា។

សូមជម្រាបថា​ វឌ្ឍនភាព៤ខែ​(មករា​-មេសា​ ២០២១)​ ក្នុងឆ្នាំ២០២១នេះ អង្គភាពCMAC សម្រេចបានលទ្ធផលប្រកបដោយជោគជ័យគួរឲ្យកត់សម្គាល់ ទោះបីជាស្ថិតក្នុងស្ថានភាពការរាតត្បាតនៃជម្ងឺកូវីដ-១៩នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ដែលគំរាមកំហែងដល់សុខភាពសាធារណៈ និងកិច្ចប្រតិបត្តិការរបស់អង្គភាពCMACយ៉ាងណាក្តី។ 

លទ្ធផលប្រតិបត្តិការក្នុងរយៈពេល៤ខែ ឆ្នាំ២០២១នេះ អង្គភាពCMACធ្វើការរំដោះផ្ទៃដីចម្ការមីន/ចម្ការគ្រាប់សរុបចំនួនជាង៣៥.៦៥២.០០០ម៉ែត្រក្រឡា ស្មើនឹង៩៤,១៣% នៃផែនការ៤ខែ ឬស្មើនឹង៣១,៣៨% នៃផែនការប្រចាំឆ្នាំ២០២១​ ដោយរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន១៥.៣៤៨គ្រាប់។ 

ទន្ទឹមនឹងនេះ ក៏បានធ្វើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដល់ក្រុមគោលដៅបានចំនួន៥.៨១៨លើក ស្មើនឹង១៩៨.៧៣៧ខ្នងផ្ទះ។

​ឯកឧត្តម ហេង រតនា៖ ការគិតគូរជាយុទ្ធសាស្ត្ររបស់យេីងគឺ​ ត្រូវខិតខំរៀនរស់នៅ​តាមប្រក្រតីកម្មថ្មី ដោយត្រូវធ្វេីការងារ​និងប្រតិបតិ្តការ ជាមួយបរិស្ថានថ្មីនៃវីរុសកូវីដ១៩​! ។