ប្រិយមិត្តប្រាកដជាធ្លាប់បានឮខ្លះៗមកហើយពីព្រឹត្តិការណ៍អូឡាំពិចទីក្រុងតូក្យូ២០២០(TOKYO2020) នាប្រទេសជប៉ុន ពិសេសអ្នកស្នេហាវិស័យកីឡា។ ជាមួយព័ត៌មានដែលគួរចាប់អារម្មណ៍នោះគឺមេដាយមាសក្នុងព្រឹត្តិការណ៍កម្រិតពិភពលោកមួយនេះ ក៏មានវត្តមានអត្តពលិកមកពីតំបន់អាស៊ីអាគ្នេយ៍អាចយកវាត្រឡប់មកមាតុភូមិខ្លួនបានផងដែរ ក្នុងនោះកីឡាការនីថៃ ដែលអាចយកបានមេដាយមាសលើកទី១ក្នុងវិញ្ញាសាតេក្វាន់ដូ ជូនជាតិរបស់ខ្លួន នៅក្នុងវ័យ២៣ឆ្នាំ។ តើមានចំណុចពិសេសអ្វីខ្លះដែលប្រិយមិត្តអាចដឹង និងរៀនសូត្រពីកីឡាការនីរូបនេះបានតោះមកមើលបីចំណុចដូចខាងក្រោមនេះ៖
១. ផ្តើមលេងកីឡានៅអាយុ៧ឆ្នាំ
ម្ចាស់មេដាយមាសនៃព្រឹត្តិការណ៍អូឡាំពិចតូក្យូ២០២០(TOKYO2020) មានដើមកំណើតជាអ្នកខេត្តភាគខាងត្បូងថៃ Surat Thani។ នាងបានចាប់ផ្តើមការលេងកីឡាតាំងពីនៅអាយុ៧ឆ្នាំដោយមានឪពុកជាអ្នកណែនាំនាងឱ្យស្រលាញ់វិស័យកីឡាផ្សេងៗ។ នៅអាយុ៩ឆ្នាំ កីឡាការនីដែលមានឈ្មោះហៅក្រៅថាTennis រូបនេះ ចាប់អារម្មណ៍ខ្លាំងលើកីឡាតេក្វាន់ដូ។
២. មានមហិច្ឆតាឈ្នះមេដាយមាស អូឡាំពិច២០២០
កីឡាការនីវ័យ២៣ឆ្នាំរូបនេះមានបំណងធំមួយគឺឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាពិភពលោក អូឡាំពិចពិសេសព្រឹត្តិការណ៍អូឡាំពិចនាទីក្រុងតូក្យូ២០២០ ដែលប្រារព្ធឡើងនាឆ្នាំ២០២១នេះ។បំណងរបស់កូនស្រីពៅក្នុងគ្រួសារអ្នកស្នេហាវិស័យកីឡារូបនេះគឺបានភ្ជាប់ជាមួយការវិន័យហ្វឹកហាត់ ដោយ ហ្វឹកហាត់នៅមជ្ឈមណ្ឌលជាតិតេក្វាន់ដូថៃក្នុងទីក្រុងបាងកក ៣ដងក្នុង១ថ្ងៃ ក្នុងនោះការហ្វឹកហាត់ទាត់ប្រមាណ ១៦០០ដង/១ថ្ងៃ។
៣. នាំយកមេដាយមាសជូនជាតិមាតុភូមិ ព្រមទាំងសម្រេចគោលដៅរបស់ខ្លួន
ប្រាកដណាស់ ក្នុងវិញ្ញាសាកីឡាលំដាប់ពិភពលោកដោយត្រូវប្រកួតជាមួយអត្តពលិកអន្តរជាតិនានា ពុំមែនជារឿងងាយស្រួលឡើយ។ តែយ៉ាងណាមិញកីឡាការនី WONGPATTANAKITបានសម្រេចក្តីស្រមៃខ្លួន ដោយយកបានមេដាយមាសក្នុងកីឡាតេក្វាន់ដូពិភពលោកវិញ្ញាសានារីក្នុងប្រភេទទម្ងន់៤៩គ.ក និងជានារីថៃទីមួយដែលអាចយកបានមេដាយមាសអូឡាំពិចសម្រាប់ប្រទេសថៃក្នុងឆាកអន្តរជាតិ។
គួររំលឹកផងដែរថាអត្តពលិកវ័យក្មេង WONGPATTANAKIT ក៏ធ្លាប់ចូលប្រឡូកបទពិសោធក្នុងព្រឹត្តិការណ៍កីឡាតេក្វាន់ដូកម្រិតពិភពលោកនិងអន្តរជាតិជាច្រើន រួមមាន ព្រឹត្តិការណ៍World Championships ព្រឹត្តិការណ៍ AsianGames ព្រឹត្តិការណ៍អូឡាំពិច នៅទីក្រុង Rio ប្រេស៊ីលឆ្នាំ២០១៦(មេដាយសំរិទ្ធិ)ព្រឹត្តិការណ៍ស៊ីហ្គេម(មេដាយមាស នៅឆ្នាំ២០១៧ និងឆ្នាំ២០១៩) ។ យុវតីអត្តពលិករូបនេះក៏មានកម្រិតសិក្សាថ្នាក់ឧត្តមសិក្សាផ្នែកវិទ្យាសាស្រ្តកីឡានៅសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃផងដែរ៕