អបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣ វេលាម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅកម្ពុជា។

សម័យប្រជុំលើកទី ៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ សម្រាប់កិច្ចប្រជុំនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនឹងពិនិត្យសម្រេចចុះបញ្ជីរមណីយដ្ឋានបេតិកភណ្ឌចំនួន៥៣ របស់រដ្ឋភាគីនានា ដែលបានស្នើសុំចុះបញ្ជី។ 

 រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមរៀបចំឯកសារនិងស្នើសុំចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ តាំងពីឆ្នាំ២០១៨ មកម្លេះ ហើយទើបតែឆ្នាំ២០២៣ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចដាក់បញ្ចូលក្នុងសម័យប្រជុំដើម្បីពិនិត្យសម្រេច និងបានអនុម័តជាឯកច្ឆ័ន ចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ នៅក្នុងបេតិកភណ្ឌពិភពលោក ដោយទទួលស្គាល់នូវតម្លៃលេចធ្លោជាសាកល តាមរយៈលក្ខណៈវិនិច្ឆ័យទី២ និងទី៤ ព្រមទាំងទទួលស្គាលថា រមណីយដ្ឋានប្រាសាទកោះកេររក្សាបាននូវភាព Integrity និង Authenticity ពេញលេញ។

នេះជាមោទភាពថ្មីមួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជាគ្រប់រូប ដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លា ត្រូវបានទទួលស្គាល់ និងបានក្នុងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋានប្រាសាទអង្គរចុះបញ្ជីនាឆ្នាំ១៩៩២ ប្រាសាទព្រះវិហាចុះបញ្ជីនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧។