តើអ្នកចង់ផលិតគំនូរជីវចល និងចូលរួមប្រកួតប្រជែងឬទេ?

ក្រោមការគាំទ្រពីក្រសួងព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា នឹងរៀបចំកម្មវិធីការប្រកួតគំនូរជីវចលថ្នាក់ជាតិលើកទី៧ ឆ្នាំ២០២០ (Cambodia DigiCon6 2020) សម្រាប់ប្អូនៗដែលស្រលាញ់គំនូរជីវចល អាចចងក្រងជាក្រុមផលិតគំនូរជីវចល ខ្នាតខ្លីមកចូលរួមប្រកួតប្រជែងពានរង្វាន់បាន។ ជ័យលាភីនឹងក្លាយជាតំណាងកម្ពុជា ទៅចូលរួមការប្រកួតគំនូរជីវចលអន្តរជាតិ DigiCon6 Asia នៅប្រទេសជប៉ុន នាចុងឆ្នាំនេះ។

ប្អូនៗដែលមានចំណាប់អារម្មណ៍ អាចនិពន្ធសាច់រឿងដែលមានខ្លឹមសារអប់រំសង្គម និងផលិតចេញជាគំនូរជីវចល ជាStop Motion ឬ 2D ឬ 3D ដែលមានរយៈពេលមិនលើសពី៥នាទី មកចូលរួមប្រកួតប្រជែងបាន ដោយមកដាក់ប្រកួតមិនអោយលើសពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។

ស្នាដៃទាំងអស់ នឹងត្រូវចាក់បញ្ចាំង និងប្រកាសលទ្ធផលនៅថ្ងៃទី២៨ខែសីហា ឆ្នាំ២០២០ នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ក្នុងនោះផងដែរពានរង្វាន់ជ័យលាភីលេខ១ថ្នាក់ជាតិ នឹងតំណាងកម្ពុជាចូលរួមប្រកួតអន្តរជាតិនៅប្រទេសជប៉ុនក្នុងកម្មវិធី DigiCon6 Asia នាចុងឆ្នាំ២០២០នេះ។ ដោយឡែកយើងក៏មានពានរង្វាន់កិត្តិយសផ្សេងទៀត ដូចជាជ័យលាភីកិត្តិយសផ្នែករូបភាព ផ្នែកសាច់រឿងផ្នែកគំនិត និងផ្នែកប្រជាប្រិយភាព (ហ្វេសប៊ុក)។

គួររំលឹកថា កាលពីពេលថ្មីៗនេះ ទូរទស្សន៍ជាតិកម្ពុជា សហការជាមួយSocial Compass បានរៀបចំសិក្ខាសាលាពីចម្ងាយដើម្បីបណ្តុះបណ្តាលជំនាញមូលដ្ឋាននៃការផលិតគំនូរជីវចល ដល់សិក្ខាកាមជិត១០០នាក់ផងដែរ។

សូមបញ្ជាក់​ថា កម្មវិធីនេះត្រូវបានប្រារព្ធឡើងចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ ដើម្បីស្វែងរកស្នាដៃឆ្នើមប្រចាំឆ្នាំ។ លើសពីនេះ ដើម្បីលើកកម្ពស់វិស័យគំនូរជីវចលនៅកម្ពុជាផ្តល់ឱកាសដល់យុវជនខ្មែរបង្ហាញ ផ្លាស់ប្តូរបទពិសោធន៍ស្នាដៃគំនូរជីវចលរបស់ខ្លួនទាំងបែបថ្នាក់ជាតិនិងអន្តរជាតិ។ ​

អាចដាក់ពាក្យចូលរួមប្រកួតតាមរយៈ https://bit.ly/2NqZn1s

ព័ត៌មានបន្ថែម FB: Cambodia DigiCon6 , Tel 010 319 396, Email: [email protected]