រាជធានីភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារបានបន្តមកជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូន កងរាជអាវុធហត្ថនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្ទាប់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ឯកឧត្តម បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ ដោយមានឱកាសមកជួបកងកម្លាំងដោយផ្ទាល់ និងពាំនាំនូវជំនួយឧបត្ថម្ភ មួយចំនួនដើម្បីរួមចំណែកសម្រាលបន្ទុកខ្លះដល់អង្គភាព ក៏ដូចជាបងប្អូនផ្ទាល់។
ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សាការពារសន្តិភាព សន្តិសុខ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។ មិនថាក្នុងដំណាក់កាលណាទេ គឺអ៊ុំ ពូមីង និងបងៗបានធ្វើការលះបង់ខ្ពស់ណាស់ក្នុងការបំពេញបេសកកម្មដ៏លំបាក និងមានគ្រោះថ្នាក់នានាសំដៅធ្វើយ៉ាងណាសម្រេចបានការការពារសន្តិសុខ សណ្តាប់ធ្នាប់រៀបរយក្នុងសង្គម។ ជាពិសេសក្នុងដំណាក់កាលនៃ ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ កងរាជអាវុធហត្ថរឹតតែខិតខំបំពេញភារកិច្ចចំពោះមុខ ដោយមិនបានចាត់ទុកហានិភ័យនៃការឆ្លងជាឧបសគ្គឡើយ។
ឯកឧត្តម ក៏បានកោតសរសើរដល់ស្មារតីទទួលខុសត្រូវរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានគិតគូរដល់សុវត្ថិភាពមន្រ្តីរាជអាវុធហត្ថក្នុងពេលបំពេញភារកិច្ច ក៏ដូចជាសុខទុក្ខ និងជីវភាពផ្ទាល់ខ្លួន ដោយបានដាក់ចេញវិធានការណ៍បង្ការ ការពារបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន។
ឯកឧត្តម បានបន្តលើកឡើងថា៖ ពិតណាស់ នៅពេលនេះ យើងទាំងអស់គ្នាកំពុងជួបការលំបាកដោយសារវិបត្តិនេះ។ ប៉ុន្តែយើងពិតជាមានភ័ព្វសំណាង ដោយយើងទាំងអស់គ្នាទទួលបាននូវការការពារ និងភាពកក់ក្តៅពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លៀសវៃរបស់សម្តេចតេជោ។ ជាក់ស្តែង ការបានទទួលវ៉ាក់សាំងរបស់បងប្អូន និងក្រុមគ្រួសារ ព្រមទាំងការរក្សាប្រាក់បៀវត្ស និងការឧបត្ថម្ភផ្សេងៗ បានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មកលើបងប្អូនកងកម្លាំងរបស់យើង។