ខេត្តកំពង់ចាម៖ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសម្រេចបញ្ចប់តួនាទីលោក ឌួង ឆាយ ពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសខ្នុរ។

ការបញ្ចប់នេះ បន្ទាប់ពីលោក ឌួង ឆាយ បានចេញឡាយវីដេអូជាថ្មី ពីបញ្ហានៃវិបត្តិគ្រួសាររបស់លោក ក្រោយពីមានការចាប់ខ្លួនរបស់ឱពុកគឺលោក ឌួង ងៀប ដោយសមត្ថកិច្ច។

ឯកឧត្តម ហ៊ុន ម៉ានិត បានលើកឡើងក្នុងបណ្ដាញសង្គមផងដែរថា៖ ក្នុងនាមជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកចំការលើ ខេត្តកំពង់ចាម។ ខ្ញុំបានសម្រេចបញ្ចប់តួនាទី លោក ឌួង ឆាយ ពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសខ្នុរ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

លោក ឌួង ឆាយ ក្រោយពីការដកតួនាទីនេះ ក៏បានចេញលិខិតសុំទោសជាសាធារណៈផងដែរ៕