រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១  ឯកឧត្តម សេរី ជំនះ អនុរដ្ឋលេខាធិការ តំណាងឱ្យឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា អធិបតីក្នុងពិធីបើក “វគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះមេដឹកនាំកាយរឹទិ្ធ ជំនាន់ទី៧” តាមប្រព័ន្ធអនឡាញ ដែលរៀបចំឡើងដោយនាយកដ្ឋានសហប្រតិបត្តិការកាយរឹទ្ធិ។

គោលបំណងនៃវគ្គនេះ គឺបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពសិក្ខាកាមទាំងអស់ដែលទទួលបន្ទុកការងារកាយរឹទ្ធិនៅតាមរាជធានីខេត្តទាំង២៥ អង្គភាពក្រោមឱវាទទីស្តីការក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងសមាគមកាយឫទ្ធិនារីកម្ពុជា ឱ្យក្លាយជា “មន្រ្តីជំនាញកាយរឹទ្ធិកម្ម” និងជា “គ្រូបង្គោលជំនាញកាយរឹទ្ធិកម្ម” ដោយមានការទទួលស្គាល់ពីអង្គការពិភពលោកនៃចលនាកាយរឹទ្ធិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លើ “វគ្គមូលដ្ឋានគ្រឹះមេដឹកនាំកាយរឹទ្ធិ” ។

ក្នុងរយៈពេល ០៨ថ្ងៃនេះ សិក្ខាកាមទាំងអស់ ត្រូវសិក្សាចំនួន ៦៨ម៉ោង ស្មើនឹង៣៥មេរៀន ព្រមទាំងទទួលបាននូវបទពិសោធន៍ និងចំណេះដឹងផ្នែកកាយរឹទ្ធិកម្មពីគ្រូឯកទេសកាយរឹទ្ធិកម្មនៃកាយរឹទ្ធិជាតិកម្ពុជា ដែលមានការទទួលស្គាល់ ដោយអង្គការពិភពលោកនៃចលនាកាយរឹទ្ធិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក៕