សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ  អមដោយថ្នាក់ដឹកនាំក្រុមមន្រ្តីបច្ចេកទេស មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តពាយ័ព្យ ដែលតំបន់ទំនាបខ្លះបានលិចលង់ និងតំបន់ខ្លះកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារបានទទួលបរិមាណទឹកភ្លៀងធ្លាក់យ៉ាងច្រើនលើសលប់ ជាមួយនិងលំហូរទឹកពីផ្នែកខាងលើពីភាគីថៃបន្ថែម ហើយពេលនេះកំពុងស្ថិតនៅជ្រលងវិសម្ពាធទាបនឹងមានភ្លៀងធ្លាក់បន្តទៀតរហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។

ជាពិសេសចំពោះការចុះតាមដានស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យនាព្រឹកនេះ ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារក្រសួង រួមជាមួយឯកឧត្តម សេរី កុសល អ្នកតំណាងរាស្រ្តខេត្តបន្ទាយមានជ័យ បានចុះពិនិត្យផ្ទាល់នៅទំនប់អាងទឹកត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ដែលមានបរិមាណទឹកយ៉ាងច្រើនក្នុងអាងប្រហែល ១៦០លានម៉ែត្រគូប (កម្រិតរក្សាទឹកអតិបរមា ១៨០លានម៉ែត្រគូប) ដោយទទួលប្រភពទឹកមួយភាគធំពីច្រកគោករមៀត (អូរកំបុត) និងមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់នាពេលកន្លងមក ពេលនេះក្រុមការងារក្រសួងកំពុងបន្តបើកទ្វារទឹកទាំងអស់ រំដោះទឹកឲ្យហូរចុះទៅបឹងទន្លេសាប តាមប្រឡាយមេធំៗចំនួន ០៣ ខ្សែ ។

ចំពោះស្ថានភាពប្រឈមជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្ន ឯកឧត្តមរដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួងជាប្រធានមុខព្រួញ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយម តាមបណ្តាខេត្តពាយ័ព្យ បានបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុត និងកំពុងអន្តរាគមន៍យ៉ាងសស្រាក់សស្រាំថែមទាំងបានចល័តគ្រឿងចក្រធុនធ្ងន់ សម្ភារ: មកដល់គោលដៅជាច្រើនថ្ងៃហើយ ដើម្បីការពារ និងបន្ថយផលប៉ះពាល់ឲ្យបានជាអតិបរមាដល់លំនៅដ្ឋានហេដ្ឋារចនាសម្ព័ន្ធ និងផ្ទៃដីដាំដុះរបស់បងប្អូនប្រជាពលរដ្ឋ ជាមួយគ្នានេះដែរ ក៏បានត្រៀមលក្ខណ:ជាមុន ចំពោះការទប់រក្សាទឹកទុកក្នុងអាងពេលទឹកជំនន់ចាប់ផ្តើមស្រកទៅវិញ សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងការងារបង្កបង្កើនផលនាពេលខាងមុខ ៕