ខេត្តក្រចេះ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងមតិទៅកាន់អង្គប្រជុំនៃពិធីប្រកាសកែសម្រួលសមាសភាពប្រធានក្រុមការងារក្រុងក្រចេះថា «មន្ត្រីរាជការ ត្រូវរស់នៅ និងធ្វើការជាធម្មតាតាមគន្លងថ្មី នៃសម័យកាលកូវីដ-១៩»។

ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នាសាលមហោស្រពខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់អ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមមាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការដែលជាប្រធាន អនុប្រធាន សមាជិកក្រុមការងារស្រុក ក្រុងទាំង៦ នៃខេត្តក្រចេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត អភិបាលស្រុក ក្រុង មេឃុំ មេភូមិ និងមន្ត្រីមូលដ្ឋានមួយចំនួនទៀត សរុបទាំងអស់មានប្រមាណ ២០០នាក់។

មតិរបស់ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ ក៏បានសង្កត់ធ្ងន់ជាអាទិ៍ថា ក្នុងយុទ្ធនាការជាតិប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ រយៈពេលជាងមួយឆ្នាំកន្លងទៅ បានបង្ហាញច្បាស់នូវតួនាទីស្នូលរបស់មន្ត្រីរាជការយើងនៅទូទាំងប្រទេស ជាពិសេសសកម្មភាពយ៉ាងសស្រាក់សស្រាំរបស់កងទ័ពអាវស និងមន្ត្រីសាធារណៈជួរមុខ ក៏ដូចជាមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋទូទៅ ដែលបាននិងកំពុងរួមគ្នាបន្តពុះពាររាល់បញ្ហាប្រឈមដើម្បីសម្រេចភារកិច្ចគ្រប់គ្រងស្ថានភាពសុខភាពសាធារណៈ បង្កលក្ខណៈដល់ការរក្សាស្ថិរភាព និងប្រក្រតីភាពជីវភាពសង្គម។

ទន្ទឹមនឹងភារកិច្ចដ៏ធ្ងន់ធ្ងរពោរពេញដោយការទទួលខុសត្រូវក្នុងការបន្តប្រយុទ្ធយកឈ្នះកូវីដ-១៩ កំលាំងសាមគ្គីជាតិរបស់មន្ត្រីរាជការ កំលាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងប្រទេស ក៏បាននិងកំពុងតែពុះពារជំនះគ្រប់ឧបសគ្គដើម្បីដោះស្រាយរាល់ផលប៉ៈពាល់នៃវិបត្តិសេដ្ឋកិច្ច-សង្គម ដែលបង្កឡើងដោយកូវីដ-១៩។

ទោះជាយ៉ាងនេះក្តី យើងទាំងអស់គ្នាជឿជាក់យ៉ាងមុតមាំលើការដឹកនាំដ៏ឈ្លាសវៃនៃរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងបុព្វហេតុសុខសន្តិភាព អភិវឌ្ឍនភាព វិបុលភាព និងអនាគតរុងរឿងរបស់មាតុភូមិ និងប្រជាជនយើងតរៀងទៅ។