រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងមន្ត្រីបច្ចេកទេសក្រសួង បានបន្តជួបពិភាក្សាការងារជាមួយលោក SATO Katsumasa ប្រធានក្រុមបេសកកម្ម JICA Detailed Planning Survey Mission និងសហការី ព្រមទាំងមន្រ្តីជាន់ខ្ពស់របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធអនឡាញ Zoom ស្តីអំពីការរៀបចំគម្រោងស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា។ គម្រោងនេះ មានរយៈពេល ៤ឆ្នាំដោយចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅឆ្នាំ២០២៥។
នៅក្នុងជំនួបពិភាក្សានេះ លោក SATO Katsumasa បានរាយការណ៌អំពីលទ្ធផលការងារដែលក្រុមបេសកកម្ម JICA និងមន្ត្រីបច្ចេកទេសក្រសួង បានចាប់ផ្តើមដំណើរការរៀបចំតាំងពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០២១ រហូតមកទល់ថ្ងៃនេះជូនឯកឧត្តម ប៊ុន ហ៊ាន និងបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលេីកិច្ច សហការក្នុងការរៀបចំគម្រោងស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្ត និងយន្តការសម្រាប់អនុវត្តគម្រោងនាពេលអនាគត។
ក្រោយកិច្ចពិភាក្សាបានបញ្ចប់ លោក SATO Katsumasa បានសំណូមពរដល់ក្រសួងធនធានទឹក និងឧតុនិយម បន្តផ្តល់កិច្ចសហការជាមួយក្រុមបេសកកម្ម JICA ដែលកំពុងបំពេញការងារ និងគម្រោងស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្ត ដែលគ្រោងនឹងចាប់ផ្តើមដំណើរការគម្រោងនៅដើមឆ្នាំ២០២២ ខាងមុខនេះឲ្យបានល្អ។
ឯកឧត្តម ប៊ុន ហ៊ាន បានទទួលយកសំណើរបស់លោកប្រធានក្រុម JICA Detailed Planning Survey Mission និងសហការី ក្នុងការរៀបចំគម្រោងឲ្យទទួលបានជោគជ័យស្របតាមផែនការដែលបានគ្រោងទុក។
ជាទីបញ្ចប់ជំនួសមុខឲ្យ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមបេសកកម្មជប៉ុន និងJICA ប្រចាំកម្ពុជា ដែលបាន នឹងកំពុងបន្តជួយលើការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យធនធានទឹកនៅកម្ពុជា ៕