រាជធានីភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំកាលពីម្សិលមិញ ដោយបាអនុម័តយល់ព្រម សំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ប៉ា សុជាតិវង្ស ធ្វើជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស។
ការអនុម័តក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នឹងត្រូវបានដាក់ជូនសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត បន្តទៀត។
សូមជម្រាបជូនដែរថា ឯកឧត្តម ប៉ា សុជាតិវង្ស ដែលជាអតីតអភិបាលរាជធានីភ្នំពេញ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ក្រោយមកក៏បានធ្វើជាតំណាងរាស្រ្ត តែត្រូវបានលាលែងមុខតំណែងនេះ មកកាន់តំណែងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញវិញ៕
