ថ្ងៃទី២១​ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ថោ​ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រី​បច្ចេកទេសក្រសួង​ និងមន្ទីរ​ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកតាមសណ្តស្ទឹងព្រែកត្នោត​ ស្ថិតក្នុង​ភូមិសាស្ត្រខេត្ត​កំពង់​ស្ពឺ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសបានអញ្ជើញចុះពិនិត្យ​ស្ថានភាព​​ទឹកស្ទឹងព្រែកត្នោតនៅតាមអាងទឹកធំៗ មួយចំនួនដូចជា​ ស្ថានីយពាមឃ្លៃ ស្ថិតក្នុងឃុំទំព័រមាស​ សំណង់ទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងឃុំ​កាហែង ស្រុកសំរោងទង ទ្វារទឹកទំនប់តាសាល​ស្ថិតក្នុង​ឃុំតាសាល​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ និង​ទំនប់៧មករា ក្នុងខេត្តកណ្តាល។

ឯកឧត្តមរដ្ឋមន្ត្រី​បានឱ្យដឹងថា​ ស្ថានភាពទឹកស្ទឹងព្រែកតោ្នត​នៅ​ផ្នែក​ខាង​លើក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ​ ទឹកកំពុង​ស្រ​ក​​​​ចុះ​បណ្តើរៗ គិតត្រឹមម៉ោង​ ១១​៖០០​ ​ថ្ងៃនេះ​​ ស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ ៥,៣៥​ម៉ែត្រ ធៀបកម្ពស់​ប្រុង​ប្រយ័ត្ន​ ៧,៥០ម៉ែត្រ ចំណែក​សំណង់ទ្វារ​ទឹករលាំងជ្រៃ ទឹកមានកម្ពស់ ៧,៦៨ម៉ែត្រ ធៀបកម្ពស់ប្រុងប្រយ័ត្ន​ ៧,៥០ ម៉ែត្រ​ ខណៈទ្វារទឹកចំនួន ៥ទ្វារបានបើកកម្ពស់ ១ម៉ែត្រ។​ ឯកឧត្តម​រដ្ឋមន្ត្រីបានបញ្ជាក់ថា​ ទ្វារទឹកទំនប់តាសាល​ទាំងអស់បានបិទទាំងស្រុង ទឹកមានកម្ពស់​ ១៩,១៥ម៉ែត្រ ធៀបកម្ពស់​ប្រុង​ប្រយ័ត្ន​ ១៩,៥០ម៉ែត្រ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា​​ តាមការព្យាករកម្ពស់ទឹកផ្នែកខាងលើចាប់ផ្តើមស្រក​ជាបន្ត​បន្ទាប់ ដែល​សន្ទុះសម្រកនេះប្រើរយៈពេលពី ១២ ទៅ៣៦ម៉ោង ទើបផ្នែកខាងក្រោមចាប់ផ្តើមស្រក។ តាម​ស្ថានភាព​នេះ​យ៉ាងយូរពីរបីថ្ងៃទៀត ទឹកស្ទឹងព្រែកត្នោតនឹងវិលមករកសភាពធម្មតាវិញហើយ។

ជាមួយគ្នានោះ​ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសទាំងអស់ ជាពិសេស​មន្ទីរធនធានទឹក និងឧតុនិយម​ត្រូវរួមសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋាន​​ បន្តការតាមដានដោយ​យក​ចិត្ត​ទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត៕