នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ៤រោច ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួប ពិភាក្សាការងារលើវិស័យធនធានទឹកជាមួយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន វិសាមញ្ញនិងពេញសមត្ថភាព និង លោក SANUI Kazumasa ប្រធាន JICA ប្រចាំនៅកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន វិសាមញ្ញនិងពេញសមត្ថភាព លោក SANUI Kazumasa ប្រធាន JICA ប្រចាំនៅកម្ពុជា និងគណៈប្រតិភូទាំងអស់។

នាឱកាសនេះដែរ ក្នុងនាមក្រសួងធនធានទឹក និងឧតុនិយម និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលបានធ្វើកិច្ចសហប្រតិបតិ្តការយ៉ាងល្អនាពេលកន្លងមក និងបានរម្លឹកឡើងថាចាប់តាំងពីឆ្នាំ១៩៩៣ រហូតមក តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រទេសជប៉ុនបានជួយគាំទ្រលើការគ្រប់គ្រង និងការអភិវឌ្ឍវិស័យធនធានទឹកជាបន្តបន្ទាប់ តាមរយៈគម្រោងជំនួយឥតសំណង គម្រោងជំនួយ កិច្ចសហការបច្ចេកទេស ការផ្ដល់ជំនាញការបច្ចេកទេស ការបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស និងគម្រោងហិរញ្ញប្បទានសម្បទានជាដើម។

សូមបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្រសួងធនធានទឹក និងឧតុនិយម កំពុងដំណើរការអនុវត្តគម្រោងរៀបចំស្ដង់ដាជាតិប្រព័ន្ធធារាសាស្ត្រ ដែលបានចាប់ផ្ដើម សកម្មភាពកាលពីឆ្នាំ២០២២និងបញ្ចប់នៅឆ្នាំ២០២៤ និងគម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកប៉ែកនិរតីរាជធានីភ្នំពេញ ដែលចាប់ដំណើរការសាងសង់ឆ្នាំ២០២៣ និងបញ្ចប់ឆ្នាំ២០២៦។

ក្នុងជំនួបពិភាក្សានេះ ភាគីកម្ពុជាតំណាងដោយក្រសួងធនធានទឹក និងឧតុនិយម បានសំណូមពរដល់ភាគីជប៉ុនដូចជា ទី១៖ ជួយសិក្សានិងផ្តល់ហិរញ្ញប្បទានសម្បទានសម្រាប់គម្រោងស្នើសុំថ្មី “គម្រោងការពារទឹកជំនន់ កែលំអ និងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅកម្ពុជា(Flood Control, Irrigation and Drainage Rehabilitation and Improvement Project in Cambodia) ទី២៖ ផ្ដល់គ្រឿងចក្រធុនធ្ងន់សម្រាប់បម្រើដល់ការងារសាងសង់ និងជួសជុលប្រព័ន្ធធារាសាស្ត្រ និងសម្រាប់ អន្តរាគមន៍ពេលមានគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិនានាដូចជា គ្រោះទឹកជំនន់ និង គ្រោះ រាំងស្ងួតជាដើម។ និងទី៣៖ ជួយបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសបន្ថែមលើការងារគ្រប់គ្រង និង អភិវឌ្ឍន៍ធនធានទឹក ។

ជាមួយគ្នានេះដែរ ភាគីជប៉ុនក៏បានសំណូមពរឱ្យក្រសួងធនធានទឹក និងឧតុនិយម រៀបចំប្រារព្ធ ពិធី បើក ការដ្ឋាន សាងសង់គម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកប៉ែកនិរតីរាជធានី ភ្នំពេញ(CP-P14) ដើម្បីបង្ហាញពីសមិទ្ធផលថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងជប៉ុន របស់រាជ រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

ជំនួបពិភាក្សាបានបញ្ចប់ក្រោមបរិយាកាសរីករាយស្និទ្ធស្នាល និងបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុង ការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត រវាងក្រសួងធនធានទឹក និងឧតុនិយម និង ភាគីជប៉ុន លើវិស័យធនធានទឹក ដើម្បីធ្វើឱ្យ វិស័យនេះកាន់តែមានការវិវឌ្ឍរីកចម្រើនសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត។

គួររម្លឹកថា ឆ្នាំ២០២៣នេះ ជាខួបអនុស្សវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជានិងប្រទេសជប៉ុន។ បើគិតចាប់តាំងពីឆ្នាំ១៩៥៣ មក ប្រទេសទាំងពីរបានកសាងទំនាក់ទំនងប្រកបដោយការជឿទុកចិត្តនិងរឹងមាំ តាមរយៈកិច្ចសហប្រតិបត្តិការក្នុងអំឡុងពេលនៃដំណើរការរៀបចំ សន្តិភាព និងរយៈពេលនៃការកសាងប្រទេសឡើងវិញនៅកម្ពុជា។ កម្រិតទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបានឈានឡើងពីកម្រិត “ដៃគូយុទ្ធសាស្ត្រ ក្នុងឆ្នាំ២០១៣” មកជា “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០២៣”៕