នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣​ ឯកឧត្តម ថោ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ និង​មន្ត្រីបច្ចេកទេស បានចុះត្រួតពិនិត្យស្ថានភាពទឹក និងជួបសំណេះសំណាលជាមួយសហគមន៍កសិករ​ប្រើ​ប្រាស់​ទឹក​ស្ទឹង​ក្រាំងពន្លៃ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលដោយផ្ទាល់​ ​និងប្រកបដោយភាព​ស្និទ្ធស្នាលជាមួយ​សហគមន៍​កសិករ​ប្រើប្រាស់ទឹក​ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាកសិករ​ប្រើប្រាស់ទឹកទាំង​អស់​​ឱ្យ​ជួយ​ថែ​រក្សា​សមិទ្ធផល​​ដែល​មាន​ស្រាប់ ដើម្បី​ប្រើប្រាស់បានយូរអង្វែងតទៅមុខទៀត​​ និងបាន​ណែនាំដល់​មន្ទីរ​ធនធានទឹក និងឧតុនិយមខេត្ត​កំពង់ស្ពឺ​ឱ្យបន្តចុះតាមដានស្ថានភាព​ទឹក​នៅតាមប្រព័ន្ធធារាសាស្ត្រ ដោយ​យក​ចិត្តទុកដាក់ខ្ពស់ក្នុងកា​រ​រក្សា​ទឹក​ស្តុកទុកក្នុងអាង​ និងត្រូវត្រៀម​លក្ខណៈ​ជានិច្ចក្នុងការឆ្លើយតប​ចំពោះ​​គ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយ​ឯកឧត្តម​ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស​ ​និងលោក​ប្រធាន​មន្ទីរ​ធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ​​ បានចុះ​ត្រួតពិនិត្យស្ថានភាពទឹកនៅតាម​បណ្តាប្រព័ន្ធ​ធារា​សាស្ត្រ​មួយចំនួន​ដូចជា៖

- ​អាងទឹកអន្លុងជ្រៃ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានប្រវែង​ ៦​ ៥០០​ម៉ែត្រ​ អាចស្តុកទឹកបានប្រមាណ ៣៥លានម៉ែត្រគូប​ ផ្ទៃដី​ស្រោច​ស្រព​លាតសន្ធឹង​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងមួយផ្នែកនៃ​រាជធានីភ្នំពេញ។

- ទំនប់ពាមល្វា​ អូរតោង ស្ថិតក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ទំនប់នេះបាន​ធ្វើ​ការ​ជួសជុល និងស្តារឡើងវិញក្នុងឆ្នាំ២០១៩ ដោយក្រសួងធនធានទឹក និងឧតុនិយម។

- ទំនប់អាងទឹកតាសាល ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ទំនប់អាងទឹកតាសាល ដែលមានប្រភពទឹកពីស្ទឹងតាសាល​ មានផ្ទៃរងទឹកភ្លៀង ៤៦៥គីឡូម៉ែត្រការ៉េ អាចស្តុកទឹកបាន​ ១៤០​លាន​ម៉ែត្រគូបត្រូវបាន​អភិវឌ្ឍន៍​​ដោយប្រើប្រាស់ហិរញ្ញប្បទានរបស់រដ្ឋាភិបាល​នៃ​សាធារណ​រដ្ឋ​​​ឥណ្ឌា​។ ការសាងសង់ទំនប់អាងទឹកតាសាល ដើម្បី​កាត់បន្ថយជំនន់ស្ទឹងព្រែក​ត្នោតផង ព្រម​ទាំង​ផ្តល់ទឹកសម្រាប់ការស្រោចស្រព និងការប្រើ​ប្រាស់​ក្នុង​ជីវភាពប្រចាំថ្ងៃផង។

- ទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជា​សំណង់ស្ទាក់បែង​ចែកទឹកទៅប្រឡាយមេខាងជើងប្រវែង​ ២០គីឡូម៉ែត្រ​ ស្ថិត​ក្នុង​ខេត្តកំពង់ស្ពឺ​ និងខេត្តកណ្តាល​ មានផ្ទៃដីស្រោចស្រពប្រមាណ ៤​ ០០០ ហិកតា និងប្រឡាយមេខាងត្បូងប្រវែង​ ៤៥​គីឡូម៉ែត្រ​មានផ្ទៃដីស្រោចស្រពប្រមាណជាង​ ១០​ ០០០ ហិកតា ស្ថិតក្នុងខេត្តកំពង់ស្ពឺ ខេត្តតាកែវ និង​មួយផ្នែកនៃខេត្តកណ្តាល។​​ ទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងគម្រោងជួសជុលកែលម្អឡើងវិញ ក្រោម​ហិរញ្ញប្បទានរបស់​រាជរដ្ឋាភិបាលជប៉ុន ដែលគ្រោងនឹងបើកការដ្ឋាននៅក្នុងឆ្នាំ២០២៤ ខាងមុខ​៕