រាជធានីភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ៖ ការដាក់ចេញនូវសេចក្តីសំរេចលេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ លើវិធានការរដ្ឋបាលនៃការបិទបំរាមគោចរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺដើម្បីរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋឱ្យជៀសផុតពីជំងឺកូវីដ-១៩ ពិសេសវុីរីសបំម្លែងថ្មីដែលតា (DETA)។

ការបញ្ជាក់បែបនេះរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នាព្រឹកថ្ងៃទី០៣ សីហា ឆ្នាំ២០២១នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ៖ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ឃើញថា ទាំងកម្លាំងកងរាជអាវុធហត្ថរាជធានី ស្នងការប៉ូលីសរាជធានី និងអាជ្ញាធរខណ្ឌទាំង១៤ អនុវត្តការងារនេះបានយ៉ាងល្អប្រសើរណាស់ ហើយប្រជាពលរដ្ឋក៏បានចូលរួមយ៉ាងសកម្មផងដែរ មានន័យថា ដល់ម៉ោងអនុវត្តគឺប្រជាពលរដ្ឋ មិនមានធ្វើដំណើរលើដងផ្លូវនោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការងារនេះក៏នៅមានចំណុច ចន្លោះប្រហោងមួយចំនួនដែរ ដោយសារតែនៅតាមដងផ្លូវតូចៗ នៅមានប្រជាពលរដ្ឋធ្វើដំណើរនូវឡើយ។

ដូចច្នេះលោកអភិបាលរាជធានីបានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ជាពិសេសស្នើរឱ្យអាជាធរខណ្ឌទាំង១៤ធ្វើការណែនាំបន្តឱ្យគណះបញ្ជាការឯកភាពសង្កាត់ទាំង១០៥បន្តពង្រឹងលើការងារនេះបន្ថែមទៀត ដល់ភូមិនិងដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋឱ្យប្រជាពលរដ្ឋលោកចូលរួមឱ្យបានច្រើនសំដៅធ្វើយ៉ាងណាយើងរួមគ្នាឈានទៅផ្តាច់ឬសគល់ជម្ងឺកូវីដ-១៩ ពិសេសវុីរីសបំម្លែងថ្មីដែលតា (DETA) ឱ្យបាន។

ឯកឧត្ដមបន្តថា៖ក្នុងនោះឱ្យប្រជាពលរដ្ឋលោកមើលឃើញការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់យើងដែលយកចិត្តទុកដាក់ចំពោះពួកគាត់និងកូនចៅរបស់គាត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩គ្រប់គ្នាហើយពួកគាត់ជឿជាក់ទុកចិត្តលើអាជ្ញាធរយើងគាំទ្រយើង។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ទៀតថា ៖ ចាប់ពីម៉ោងនេះទៅ មិននិយាយពីការអប់រំទៀតទេ ។ វាល្មមដល់ពេលហើយ ព្រឹត្តការណ៍សហគមន៍២០គុម្ភៈ គិតមកដល់ពេលនេះមានរយៈពេល៩ខែហើយ ប្រជាពលរដ្ឋគួរយល់ដឹងហើយ មិនត្រូវល្មើសនោះទេ។

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ