ភ្នំពេញ៖ កម្ពុជាគឺជាមិត្តដ៏ពិសេសនិងជាដៃគូដ៏មានសារៈសំខាន់របស់វៀតណាម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានពី លទ្ធផលជំនួបរវាង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម វូ ក្វាងមិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូត​នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។

ក្នុងឱកាសនៃជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាម ក៏បានសរសើរពីកម្ពុជា អំពីសេរីភាពដ៏ទូលំទូលាយនៃការធ្វើទំនាក់ទំនងតាមប្រព័ន្ធបណ្ដាញសង្គមនៅកម្ពុជា ដែលផ្ដល់ភាពងាយស្រួល ឆាប់រហ័ស ដល់ការធ្វើការជាមួយថ្នាក់ដឹកនាំកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានអបអរសាទរ ឯកឧត្តម វូ ក្វាងមិញ ដែលបានបញ្ចប់ការទូតដោយជោគជ័យ និងទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ពីកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមលើកកម្ពុជាទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ៕