អ្នកប្រហែលជាធ្លាប់ស្ដាប់ពីភាពជោគជ័យរបស់សហគ្រិន និងរឿងរបស់អ្នកដឹកនាំអាជីវកម្មផ្សេងទៀតដែលធ្វើអោយអ្នកមានអារម្មណ៍ពេញចិត្តចំពោះការងាររបស់ពួកគេ ហើយអ្នកគិតថាអ្នកនឹងឆ្លងកាត់ដំណើរដូចគ្នានៃភាពជោគជ័យ ឬការពេញចិត្តបែបនោះក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីអ្នកបានចាប់ផ្តើមបង្កើតអាជីវកម្មរបស់អ្នករួចហើយ។
ខណៈពេលដែលសមាសធាតុវិជ្ជមាននិងភាពរំភើបនៃភាពជាសហគ្រិនទាំងនេះពិតជាកើតឡើងយ៉ាងពិតប្រាកដមែនហើយនឹងធ្វើឲ្យការងាររបស់អ្នកមានតម្លៃស័ក្តិសមនឹងអ្នកដែលរំពឹងទុកនោះ អ្នកត្រូវចងចាំថាភាពជាសហគ្រិនក៏មានផ្នែកដែលមិនល្អផងដែរ។ គ្រប់យ៉ាងមិនមែនសុទ្ធតែរីករាយ និង ត្រៀមរួចជាស្រេចសម្រាប់អ្នកនោះទេហើយ ភាពជោគជ័យក្នុងរយៈពេលខ្លីទាំងនោះ គឺជាសមិទ្ធផលនៃការខិតខំប្រឹងប្រែងធ្វើការយ៉ាងអស់ពីលទ្ធភាពអស់រយៈពេលយ៉ាងយូរនិងការបរាជ័យច្រើន។
មុនពេលដែលអ្នកមានការរំភើបយ៉ាងខ្លាំងក្នុងការក្លាយជាសហគ្រិនមួយរូបនោះចូរបន្ធូរបន្ថយការរំពឹងទុករបស់អ្នកដោយការពិតនៃចំនុចមិនល្អខាងក្រោម៖
១. អ្នកនឹងមិនទទួលបានចំនូលភ្លាមនោះទេ
ការបង្កើនដើមទុនសម្រាប់អាជីវកម្មរបស់អ្នកគឺមានការលំបាក ហើយតាមធម្មតា វាគឺជាភាពភ្ញាក់ផ្អើលចំពោះសហគ្រិនវ័យក្មេងដែលគិតថាភាពជាកម្មសិទ្ធិនៃអាជីវកម្មមួយនឹងអាចទទួលបានប្រាក់ចំណេញយ៉ាងឆាប់រហ័ស។ការពិតគឺ សម្រាប់អាជីវកម្មភាគច្រើនអ្នកត្រូវចំណាយពេលពីរបីឆ្នាំដំបូងនៃការដំណើរការដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធនៃអាជីវកម្មរបស់អ្នកនិងធ្វើការដំណើរការហេដ្ឋារចនាសម្ព័ន្ធទាំងនោះ។អ្នកនឹងត្រូវរ៉ាប់រងចំណាយច្រើនជាងប្រាក់ចំណូលដែលអ្នកនឹងទទួលបាន ហើយជាលទ្ធផលអ្នកអាចនឹងមិនទទួលបានប្រាក់កម្រៃជាច្រើនខែ។ អ្នកនឹងត្រូវពឹងផ្អែកលើប្រាក់សន្សំឬប្រាក់បម្រុងផ្ទាល់ខ្លួនរបស់អ្នកសម្រាប់ចំណាយប្រតិបត្តិការមូលដ្ឋាន ហើយសង្ឃឹមថាអ្វីៗនឹងប្រែជាល្អវិញនៅពេលអនាគត។
២.ជីវិតផ្ទាល់ខ្លួនរបស់អ្នកនឹងឆ្លងកាត់រឿងដែលមិនសមប្រកប
ទោះបីជាអ្នកដោះស្រាយអ្នកបំពេញតួនាទីរបស់អ្នកបានល្អយ៉ាងណាក៏ដោយឬទោះបីជាអ្នកមានការប្តេជ្ញាចិត្តចំពោះការផ្តល់អាទិភាពដល់ទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកខ្លាំងយ៉ាងណាក៏ដោយទំនាក់ទំនងទាំងនោះនឹងជួបរឿងដែលមិនសមប្រកបដរាបណាអ្នកនៅតែបន្តបង្កើតអាជីវកម្មរបស់អ្នក។ អ្នកនឹងធ្វើការជាច្រើនម៉ោងពេលខ្លះអ្នកត្រូវធ្វើការនៅផ្ទះហើយអ្នកនឹងត្រូវនិយាយទូរសព្ទដើម្បីដោះស្រាយបញ្ហាអាជីវកម្មនៅពេលយប់ នៅចុងសប្តាហ៍និងនៅថ្ងៃឈប់សម្រាក។ស្ទើរតែគ្រប់ពេលវេលាដែលអ្នកនឹងមិនចាប់អារម្មណ៍លើអ្វីផ្សេងឡើយអ្នកគិតតែអំពីបញ្ហាដែលអាជីវកម្មរបស់អ្នកកំពុងជួបប្រទះនិងសម្ពាធផ្នែកហិរញ្ញវត្ថុដែលអ្នកនឹងត្រូវរ៉ាប់រងនឹងធ្វើឲ្យទំនាក់ទំនងរបស់អ្នកមានការប្រេះឆា។
៣. ការព្យាយាមដោះស្រាយបញ្ហាគ្រប់យ៉ាងឲ្យបានក្នុងពេលតែមួយ នឹងធ្វើឲ្យអន្តរាយដល់ខ្លួនអ្នក
ក្នុងនាមជានាយកប្រតិបត្តិនៃអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកអ្នកនឹងត្រូវពាក់មួកជាច្រើន។ អ្នកនឹងធ្វើការងារមួយចំនួនដែលអ្នកចូលចិត្តធ្វើប៉ុន្តែអ្នកក៏នឹងត្រូវធ្វើជាអ្នកគ្រប់គ្រង អ្នកត្រួតពិនិត្យ អ្នកបច្ចេកទេសប្រធានផ្នែកធនធានមនុស្ស និងអ្នកស្វែងរកទីផ្សារក្នុងពេលតែមួយ។ ទោះបីជាអ្នកនៅពេលដំបូងនៃការធ្វើជាសហគ្រិនរបស់អ្នកអ្នកមានភាពរំភើបចំពោះទំនួលខុសត្រូវទាំងនោះខ្លាំងយ៉ាងណាក៏ដោយ ការប្រែប្រួលកម្រិតនៃការខិតខំប្រឹងប្រែងរបស់អ្នកនឹងធ្វើឲ្យមានភាពទន់ខ្សោយទៅៗជាបន្តបន្ទាប់ដោយមិនអាចជៀសផុតបានឡើយ។
៤. អារម្មណ៍របស់អ្នកនឹងយកឈ្នះលើខ្លួនអ្នក
មានជាច្រើនលើកដែលអារម្មណ៍របស់អ្នកនឹងផ្ទុះឡើងហើយនឹងយកឈ្នះលើខ្លួនអ្នក ទោះបីជាអ្នកព្យាយាមរំងាប់អារម្មណ៍ទាំងនោះឬព្យាយាមស្វែងរកកន្លែងដ៏ល្អមួយសម្រាប់បញ្ចេញអារម្មណ៍ទាំងនោះក៏ដោយ។អ្នកបានបណ្តាក់ទុនជាច្រើនទៅលើសហគ្រាសរបស់អ្នកដើម្បីទប់ស្កាត់កុំឲ្យអារម្មណ៍ទាំងនេះកើតឡើង។អ្នកអាចមានអារម្មណ៍ក្រៀមក្រំ និងគ្មានកម្លាំងចិត្តចំពោះការវិវឌ្ឍរបសអ្នកឬមានភាពភ័យខ្លាចថា អ្នកនឹងមិនទទួលបានប្រាក់ចំណេញក្នុងអំឡុងពេលដ៏សមស្របមួយ។នៅពេលដែលអារម្មណ៍របស់អ្នកយកឈ្នះលើខ្លួនអ្នកបានអ្នកនឹងមានអារម្មណ៍មិនរីករាយជាខ្លាំងហើយអ្នកនឹងធ្វើការសម្រេចចិត្តដែលអាក្រក់បំផុត។
៥.គ្មានអ្វីដែលនឹងកើតឡើង តាមវិធីដែលអ្នកចង់ឲ្យវាកើតឡើងនោះទេ
ផែនការអាជីវកម្មរបស់អ្នកអាចរៀបរាប់យ៉ាងលម្អិតអំពីដំណាក់កាលនីមួយៗដែលអ្នកបានប្រមើលមើលជាមុនសម្រាប់រយៈពេលពីរបីឆ្នាំដំបូងនៃក្រុមហ៊ុនរបស់អ្នកប៉ុន្តែទោះបីជាអ្នកបានធ្វើការស្រាវជ្រាវច្រើនប៉ុណ្ណាក៏ដោយ អ្នកនឹងមិនអាចទស្សន៍ទាយអំពីអ្វីគ្រប់យ៉ាងបានឡើយ។ទោះបីជាអ្វីដែលអ្នកអាចទស្សន៍ទាយជាមុនបានក៏ដោយក៏វានឹងមិនកើតឡើងតាមអ្វីដែលអ្នកបានប្រមើលមើលជាមុនទាំងស្រុងនោះឡើយ។ក្នុងនាមជាសហគ្រិនមួយរូប អ្នកត្រូវបង្ខំចិត្តសម្របតាមហើយពេលខ្លះអ្នកត្រូវសម្របតាមអ្វីដែលអ្នកមិនចង់សម្របតាមទៀតផង។
៦.អ្នកនឹងធ្វើការសម្រេចចិត្តដែលនឹងអន្ទងតាមប្រាណអ្នក
ក្នុងនាមជាសហគ្រិនមួយរូបអ្នកនឹងធ្វើជាអ្នកសម្រេចចិត្តចម្បងសម្រាប់ក្រុមហ៊ុនរបស់អ្នកហើយអ្នកធ្វើការសម្រេចចិត្តដែលពិបាក បង្កើតឲ្យមានសម្ពាធនៅគ្រប់ពេលទាំងអស់ដែលអ្នកកាន់កាប់មុខតំណែងនោះ។ការសម្រេចចិត្តមួយចំនួននឹងស្ថិតនៅជាប់នឹងខ្លួនអ្នកទោះបីជាអ្នកបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ និងសមហេតុផលមួយក៏ដោយ។អ្នកនឹងត្រូវផ្លាស់ប្តូរទិសដៅក្រុមហ៊ុន។ អ្នកនឹងត្រូវចាកចេញពីដៃគូរបស់អ្នក។អ្នកត្រូវលះបង់ទស្សនៈវិស័យមួយផ្នែករបស់អ្នកដើម្បីក្រុមហ៊ុន។ អ្នកនឹងត្រូវបណ្តេញបុគ្គលិក។
ការសម្រេចចិត្តទាំងនេះមិនមែនជាការងាយស្រួលនោះទេប៉ុន្តែអ្នកត្រូវតែធ្វើ ហើយវានឹងអន្ទងតាមប្រាណរបស់អ្នក។
៧. អ្នកនឹងបរាជ័យ
ក្រុមហ៊ុនទាំងមូលរបស់អ្នកអាចត្រូវបិទទ្វារ។ប្រសិនបើមិនបិទទ្វារទេ នឹងមានការបរាជ័យផ្សេងទៀត ទោះបីជាធ្ងន់ធ្ងរ ឬតូចតាចក្តី ដែលនឹងរារាំងដល់ផែនការរបស់អ្នកនិងកាត់បន្ថយតម្លៃនៃទស្សនៈវិស័យ។ ភាពបរាជ័យគឺជៀសមិនផុតឡើង ហើយវាគឺជារឿងសំខាន់ជាផ្នែកមួយនៃភាពជាសហគ្រិន ទោះបីជាទទួលស្គាល់ថាវាមិនងាយស្រួលក្នុងការទទួលយកក៏ដោយ។ឧបសគ្គនៃភាពបរាជ័យធ្លាប់បង្ហាញខ្លួន និងតែងតែបំបាក់ទឹកចិត្តរបស់អ្នកនៅពេលដែលអ្នកកំពុងតែដឹកនាំអាជីវកម្មមួយហើយការធ្វើការងារឆ្លងកាត់ភាពបរាជ័យនោះ មានពេលមួយចំនួន គឺពិបាកខ្លាំងណាស់។ទោះបីជាយ៉ាងណាក៏ដោយ សមត្ថភាពក្នុងការងើបឈរឡើងវិញពីភាពបរាជ័យទាំងនេះគឺជាអ្វីដែលកាត់ផ្តាច់ភាពជោគជ័យខ្លាំងបំផុតពីភាពជោគជ័យផ្សេងទៀត។
ខ្ញុំមិនមែនកំពុងតែព្យាយាមទាញអ្នកចេញពីការក្លាយជាសហគ្រិនមួយរូបនោះទេ។ភាពជាសហគ្រិន គួរតែជាការងារមួយដែលពោរពេញដោយភាពរំភើបនិងផ្តល់ផលប្រយោជន៍ដល់អ្នកដែលជ្រើសរើសបន្តអាជីវកម្មរបស់ខ្លួនបន្តទៅទៀត។ផ្ទុយមកវិញ ចេតនារបស់ខ្ញុំគឺដើម្បីជួយជំនាន់ក្រោយដែលចាប់ផ្តើមអាជីវកម្មដោយខ្លួនឯងក្នុងការរៀបចំខ្លួនសម្រាប់ការពិតដែលអាក្រក់នៃភាពជាម្ចាស់នៃអាជីវកម្មមួយដែលអាចកើតឡើងនៅពេលខ្លះដូច្នេះពួកគេអាចយល់ដឹងកាន់តែច្បាស់អំពីឧបសគ្គដែលនៅខាងមុខពួកគេហើយត្រៀមខ្លួនសម្រាប់ផ្លូវមួយនេះដោយផ្អែកលើភាពជាក់ស្តែង៕