ខេត្តព្រះវិហារ៖ គិតមកដល់ពេលនេះ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ទទួលបានក្របីសរុបចំនួន ១២០ក្បាល សម្រាប់ធ្វើការអភិរក្ស និងអភិវឌ្ឍពូជក្របីនៅប្រទេសកម្ពុជា។

ក្របីចំនួន ១២០ក្បាលនោះ ទទួលបានការផ្ដល់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវពូជក្របីសរុបចំនួន៧២ក្បាល និងឥស្សរជន និងសប្បុរសជន ជាច្រើនទៀតដូចជា៖

  • ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបត្ថម្ភក្របីចំនួន ២៧ក្បាល
  • ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ឧបត្ថម្ភក្របីចំនួន ៥ក្បាល
  • ឯកឧត្ដមបណ្ឌិតសភាចារ្យ ជូ វិជិត្ត ឧបត្ថម្ភក្របីចំនួន ៥ក្បាល
  • ឯកឧត្ដមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ឧបត្ថម្ភក្របីចំនួន ២ក្បាល
  • ឯកឧត្ដមបណ្ឌិត ឯក ឆេងហួត សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា ឧបត្ថម្ភក្របីចំនួន ២ក្បាល
  • ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឧបត្ថម្ភក្របីចំនួន ២ក្បាល
  • ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឧបត្ថម្ភក្របីចំនួន ២ក្បាល
  • ឯកឧត្ដមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ឧបត្ថម្ភក្របីចំនួន ៣ក្បាល

សូមជម្រាបជូនដែរនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានពូជក្របីស្រងែ ពូជក្របីកតាំង ពូជក្របីសំពៅ និងពូជក្របីឃ្លៀច។

ក្របីឃ្លៀច គឺជាពូជក្របីមួយកម្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ននេះ ហើយរាជបណ្ឌិត្យសភាកម្ពុជានឹងធ្វើការអភិរក្សក៏ដូចជាអភិវឌ្ឍន៍ពូជក្របីទាំងនេះទៅជាប្រាំប្រភេទដូចជា សិក្សាក្នុងការបង្កាត់ពូជក្របីរវាង ពូជក្របីស្រងែ និងពូជស្រងែ ។ 

ទីពីរ ការបង្កាត់ពូជរវាងពូជសំពៅ និងពូជសំពៅ ។ ទីបី ពូជកតាំងនិងពូជកតាំង ។ ទីបួន បង្កាត់ពូជរវាងក្របីឃ្លៀចនិងក្របីឃ្លៀច និងទីប្រាំ បង្កាត់សប្បនិម្មិត ជាមួយនិងស្ពែមដែលនាំចូលមកពីក្រៅប្រទេស៕