រាជធានីភ្នំពេញ៖ ក្នុងពិធីប្រគល់-ទទួលរថយន្ត អំណោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់កងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងទៅកាន់អង្គពិធីថា មិនមានការចាំបាច់ក្នុងការភូតភរលាក់បាំងអ្វីនោះទេ ប្រសិនបើជាជំនួយរបស់ចិនមែនយើងនឹងប្រាប់ថាជំនួយរបស់ចិន ហើយប្រភពនៃការផលិតដែរ គឺផលិតនៅប្រទេសចិន។

លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងដែរថា ការបញ្ជាទិញរថយន្ត២៩០គ្រឿងពីចិន គឺតាំងពីពាក់កណ្ដាលឆ្នាំ​២០១៩ មុនមានវិបត្តិកូវីដ នាចុងឆ្នាំ២០១៩ រីឯថវិកាក្នុងការទិញរថយន្តទាំងនេះ គឺជាថវិកាចូលរួមចែករំលែករបស់សប្បុរសជនខ្មែរយើង ដែលកៀរគរបានតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ដោយពុំមានប្រើប្រាក់ថវិការរដ្ឋសូម្បី១រៀលផងដែរ៕