ភ្នំពេញ ៖ ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ននេះ បាននឹងកំពុងប្រើប្រាស់ប្រាក់កម្ចីពីធនាគារច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យវិស័យមួយនេះ កាន់តែមានការរីកចំរើន និងជួយជំរុញឱ្យវិស័យអចលនទ្រព្យ នៅទូទាំងប្រទេសមានសន្ទុះរីកចំរើនព្រមគ្នាផងដែរ។
ជាការពិត ការប្រើប្រាស់ប្រាក់កម្ចី ពីធនាគារដើម្បីទិញលំនៅឋាន បានរួមចំណែកយ៉ាងធំធេង ក្នុងវិស័យអចលនទ្រព្យ ដោយអ្នកប្រើប្រាស់អាចយកប្រាក់កម្ចី ទៅទិញលំនៅឋានផ្ទាល់ខ្លួនបាន ខណៈកំណើនប្រជាជនដែលមានប្រាក់ចំណូលមធ្យមក៏កំពុងកើនឡើង។
ការប្រើប្រាស់ឥណទានលំនៅឋានរបស់ធនាគារ ជាកម្លាំងចលករដ៏ខ្លាំង ក្នុងវិស័យអចលនទ្រព្យនិងសេដ្ឋកិច្ច ព្រោះវាធ្វើឲ្យចរន្តសាច់ប្រាក់មានចលនាក្នុងទីផ្សារ ដែលធ្វើឱ្យវិស័យអចលនទ្រព្យមានកំណើន ហើយជួយបង្កើតការងារក្នុងវិស័យអចលនទ្រព្យ និងវិស័យសំណង់ទៀតផង។ នេះបើតាមអ្នកជំនាញផ្នែកសេដ្ឋកិច្ច ទីផ្សារអចលនទ្រព្យលើកឡើង។
យ៉ាងណាក៏ដោយ អ្នកជំនាញក៏បានព្រមានដែរថា អ្នកប្រើប្រាស់កម្ចីនេះត្រូវតែមានគោលដៅច្បាស់លាស់ ខណៈការគ្រប់គ្រងរបស់ប្រព័ន្ធធនាគារ ក៏ត្រូវមានភាពច្បាស់លាស់ផងដែរ ដើម្បីបង្ការកុំមានវិបត្តិកើតឡើង៕