ខេត្តព្រះសីហនុ៖ ក្រុមហ៊ុន Royal Group Koh Rong Development Company របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន Sinohydro Corporation Limited បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងអាមេកម្រាស់២.៥ដេស៊ីម៉ែត្រប្រវែង៧០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ។

យោងតាមកិច្ចព្រមព្រៀង គម្រោងសាងសង់ផ្លូវបេតុងនៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ត្រូវចំណាយថវិកាចំនួន៣៥លានដុល្លារអាមេរិក នឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល១៦ខែ ស្របតាមផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលគណៈកម្មការអន្តរក្រសួង របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តកាលពីថ្ងៃទី០៩ខែតុលា ឆ្នាំ២០១០។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅសណ្ឋាគារGoddess of Liberty Hotel & Resort ក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក គួចចំរើន អភិបាលខេត្តព្រះសីហនុ ផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប បានចុះហត្ថលេខាជួលកោះរ៉ុង ស្ថិតក្នុងខេត្តព្រះសីហនុ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាភាគីតំណាងឱ្យ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ ពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរធម្មជាតិ៕