សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទព័ត៌មាន អប់រំ ធុរកិច្ចល្អៗ


រាជធានីភ្នំពេញ៖ សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងសារជាសម្លេង ទាក់ទងនឹងករណីកូវីដ១៩ ក្នុងរសៀលទី៩ មីនា ដល់ប្រជាជនថា ក្នុងករណីដែលមាន អ្នកដែលបានស្លាប់ដោយសារកូវីដ១៩ នឹងត្រូវសម្រេចឲ្យធ្វើការបូជាសព ជាចាំបាច់ ដោយមិនយកជម្រើសនៃការកប់នោះទេ។

ដោយសារសភាពការណ៍ចុងក្រោយ ពីការឆ្លងសហគមន៍២០កុម្ភៈ នៅបន្តរីករាលដាលកាន់តែច្រើនកន្លែង សម្ដេចនាយករដ្ឋមន្រ្តីបានថ្លែងសារ សម្រាប់ការតៀមទុកក្នុងករណីដែលអាចកើតមាន ដោយចេញវិធានការ ចំពោះអ្នកដែលស្លាប់ដោយសារកូវី១៩។

សម្ដេចបានបញ្ជាក់ថា ទោះជាទំនៀមទំលាប់របស់ជនជាតិខ្លះ មិនអាចធ្វើការបូជាក៏ដោយ ចំពោះករណីពិសេសសម្រាប់អ្នកស្លាប់ដោយសារជម្ងឺកូវីដ១៩ ត្រូវតែធ្វើការបូជាសព ជាចាំបាច់

សាលារាជធានី កំពុងតែសាងសង់បច្ឆារសម្រាប់ការបូជានេះ ក៏ដូចជាតាមបណ្ដាខេត្ត ត្រូវតែរៀបចំឲ្យបានសមរម្យ ឆ្ងាយពីប្រជាជន ដែលការសាងសង់នេះ អាចត្រូវបានប្រើប្រាស់នៅពេលក្រោយទៀត។

សម្ដេចនាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យស្ថាប័នជំនាញ រៀបចំអនុក្រឹត្យសម្រាប់ការបូជាសព អ្នកដែលស្លាប់ដោយសារជម្ងឺកូវីដ១៩ នេះផងដែរ ដោយមានការបញ្ជាក់ឲ្យបានលំអិតពីវិធានការនៃការបូជា និងពីចំនួនកំណត់សម្រាប់អ្នកដែលត្រូវចូលរួម៕