ថ្លែងចេញពីទឹកដីខេត្តកំពង់ស្ពឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់ៗថា អ្នកដែលជេរប្រមាថនៅលើ Facebook អាចរកឃើញទីតាំងឈរជើងត្រឹមតែ៨នាទី ប៉ុណ្ណោះ ទោះដាក់ឈ្មោះអ្វីក៏អាចរកឃើញដែរ។

ការលើកឡើងបែបនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន​សែន នៅព្រឹកថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចបានបន្តដំណើរចុះជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនី សរុប ១៨,៤៦៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ នៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមននៅក្នុងខេត្តកំពង់ស្ពឺ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះ៖ «សូម្បីតែក្នុង Facebook គេកំពុងតែច្រៀងសប្បាយវាចូលទៅ Comment ក្នុងហ្នឹងយួនអីអញ្ចឹងទៅ ហើយពេលហ្នឹងពួកក្រុមចម្រៀងគ្រួសារខ្មែរ មានអ្នក Comment សប្បាយលេងរបស់គេទៅ វាចូលមកមួយជេរគេលេង អាហ្នឹងបើគេតាមរករឿង ងាយទេក្មួយអើយត្រូវដឹង បច្ចេកវិទ្យាបច្ចុប្បន្ន មិនឱ្យលើសពី៨នាទីទេ មិនឱ្យលើសពី៨នាទីទេ រកកន្លែងទីតាំងឈររបស់អ្នក Comment ចូលហើយ ទោះបីអ្នកឯងដាក់ឈ្មោះអីក៏ដោយចុះ [....] ដាក់ឈ្មោះអីក៏ដោយចុះដាក់ឈ្មោះ អាចក់ អាចែម ក៏ដោយចុះ ប៉ុន្តែយូរបំផុត៨នាទីទេ រកឃើញទីតាំងឈរហើយត្រូវចាំបច្ចេកវិទ្យាបច្ចុប្បន្ន»។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អញ្ចឹងបានជាពូថា បើសិនជាពួកអាចង្រៃនេះនៅសង្គ្រាម នឹងផ្ទុះចង្រៃមែន ពិតជាចង្រៃបើមិនអប់រំកូនចៅអ្នកឯងទេឱ្យមានសីលធម៌ត្រឹមត្រូវទេ ពួកអ្នកឯងនៅតែជាពួកបង្កហេតុបំផ្លាញសេចក្តីសុខ និងសាមគ្គីភាពនៅក្នុងប្រជាពលរដ្ឋ»៕