រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសជាផ្លូវការពីករណីស្លាប់៣នាក់ទៀត ដោយសារកូវីដ១៩។ នេះបានធ្វើឲ្យករណីស្លាប់ដោយសារកូវីដ១៩ សរុបក្នុងប្រទេសកម្ពុជា កើនឡើងដល់៧៤នាក់ ត្រឹមថ្ងៃទី២៥មេសា។ 

តាមសេចក្ដីប្រកាស អ្នកជំងឺទាំងបីនាក់នេះ បានស្លាប់មុនចូលដល់មន្ទីរពេទ្យ ក្នុងនោះមាន 

  • ករណីទី១ ស្រ្ដីអាយុ ៧៩ឆ្នាំ ទីលំនៅសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ មុនពេលដឹកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត គឺគាត់បានស្លាប់បាត់បង់ជីវិតរួចទៅហើយ ហើយសពពិនិត្យឃើញថា គាត់មានវិជ្ជមានកូវីដ១៩។
  • ករណីទី២ បុរសខ្មែរ អាយុ ៥៧ឆ្នាំ ទីលំនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ មុនពេលដឹកដល់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង គឺគាត់បានស្លាប់បាត់បង់ជីវិតរួចទៅហើយ។ សពពិនិត្យឃើញថា គាត់មានវិជ្ជមានកូវីដ១៩។
  • ករណីទី៣ ស្រ្ដីអាយុ ៦៥ឆ្នាំ ទីលំនៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ស្រ្ដីរូបនេះ បានស្លាប់នៅផ្ទះ។ ក្រុមគ្រូពេទ្យខេត្តកំពង់ស្ពឺ បានយកសំណាកឃើញលទ្ធផល វិជ្ជមានកូវីដ១៩។
ក្នុងថ្ងៃនេះផងដែរ ក្រសួងសុខាភិបាលក៏បានប្រកាសពីករណីឆ្លងថ្មី ចំនួន ៦១៦នាក់ និងអ្នកជាសះស្បើយ ១៩០នាក់ បន្ថែមទៀត។ ដោយឡែក ក្រសួងសុខាភិបាលក៏បានសម្រេចឲ្យ សេវាសុខាភិបាលឯកជន និងសម្ភព អាចទទួលពិនិត្យនិងព្យាបាលអ្នកជំងឺកូវីដ១៩ ដោយមានភ្ជាប់លក្ខខណ្ឌតម្រូវ ដែលនេះជាលើកដំបូងហើយ បន្ទាប់ពីការអនុញ្ញាតឲ្យវិស័យសុខាភិបាល​ឯកជនស្របច្បាប់ អាចប្រើឧបករណ៍ធ្វើតេស្ដកូវីដបាន។