សូមចុចចូល=>  Telegram  ក្រមាប៉ុស្ដិ៍ទទួលបានអត្ថបទឆាប់រហ័ស

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីករណីស្លាប់ថ្មី ដោយសារកូវីដ១៩ចំនួន២នាក់បន្ថែមទៀត និងករណីរកឃើញអ្នកឆ្លងថ្មីចំនួន ៦២៤នាក់ ​ដែលនេះជាតួលេខឆ្លងខ្ពស់បំផុតមិនធ្លាប់ មានចាប់តាំងពីមានករណីវិជ្ជមានកូវីដ១៩នៅកម្ពុជា និងដែលម្សិលមិញមានអ្នកឆ្លង៦១៨នាក់។ ក្នុងថ្ងៃនេះផងដែរក៏មានអ្នកជាសះស្បើយ ៤៨នាក់។

ចំនួនអ្នកឆ្លងកូវីដ១៩នៅកម្ពុជា ត្រូវបានកត់ត្រាកើនឡើងជាបន្តបន្ទាប់ ពីករណីឆ្លងសហគមន៍២០កុម្ភៈ​ដែលមានទ្រង់ទ្រាយធំ និងមិនទាន់បានត្រូវបិទបញ្ចប់នៅឡើងខណៈពេលនេះក្រុងភ្នំពេញនិងក្រុងតាខ្មៅ កំពុងស្ថិតក្នុងវិធានការបិទខ្ទប់ដល់ថ្ងៃ២៨មេសា។

សូមជម្រាបដែរថាបច្ចុប្បន្ននេះប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន៣ប្រភេទគឺពី Sinopharm(១.៣លានដូស), Astra Zeneca(ជាង៣សែនដូស) និង Sinovac(២លានដូស) ហើយរដ្ឋាភិបាលបញ្ជាក់ថា នឹងមានមកជាបន្តបន្ទាប់ទៀត។

គិតត្រឹមថ្ងៃនេះ សរុបអ្នកកំពុងសម្រាកព្យាបាលមានចំនួន ​ ៤៤៣៩នាក់ និងអ្នកដែលបានជាសះស្បើយ ២៥២៤នាក់ ហើយទីតាំងដែលត្រូវកំណត់ថាមានហានិភ័យខ្ពស់ជាងគេគឺរាជធានីភ្នំពេញ  ខេត្តកណ្ដាលស្វាយរៀង ខេត្តព្រះសីហនុ​ និងខេត្តព្រៃវែង។ ទីតាំងឆ្លងខ្លាំងដែលជាបណ្ដុំផ្សារមួយចំនួននិងបណ្ដុំរោងចក្រ។ ចំណែកខេត្តព្រះសីហនុ ក្នុងពេលចុងក្រោយនេះគឺចំនុចឆ្លងនៅផ្សារលើ ដែលមានអ្នកឆ្លងជាង១០០នាក់។

ករណីស្លាប់ដោយសារកូវីដ១៩នៅកម្ពុជា មកត្រឹមថ្ងៃនេះមានចំនួនសរុប៤៥នាក់៕