រាជធានីភ្នំពេញ ៖ ថ្ងៃ១៤ ខែឧសភា ២០២១ នេះ កម្ពុជាបានចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួន ឈានដល់២លាននាក់។ អ្នកចាក់វ៉ាក់សាំងទី២លាន ជាកម្មការិនីរោងចក្រ ក៏បានទទួលរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់ ១០លានរៀល ពីប្រមុខរាជរដ្ឋាភិបាលផងដែរ។

អ្នកដែលបានការលើកទឹកចិត្តនេះ ឈ្មោះ ទិត ចិន្តា ភេទស្រី អាយុ ២៣ឆ្នាំ ជាកម្មការិនីរោងចក្រ។ សូមជម្រាបជូនដែរថាកន្លងមក អ្នកដែលបានចាក់លើកទី១លាន ក៏បាននូវការលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាលផងដែរ ដែលលោកមានឈ្មោះថា ប៉ាន់ សុវណ្ណរិទ្ធិ។

សម្តេចតេជោបន្តថា ក្នុងយុទ្ធសាស្ត្រពន្លត់ភ្លើងល្អជាងអង្គុយបក់ផ្សែង យើងគ្មានជម្រើសណាឲ្យល្អជាងការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនយើងនោះទេ។ ការឆ្លងក្នុងសហគមន៍ម្តងហើយម្តងទៀតនៅស្ទើរគ្រប់ប្រទេសតម្រូវឲ្យយើងខិតខំរកវិធីទប់ស្កាត់ការឆ្លងនិងការបាត់បង់ជីវិតប្រជាជនយើងតាមរយៈការចាក់វ៉ាក់សាំង។

សម្តេចតេជោបញ្ជាក់ថា ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង១៦លាននាក់ មានប្រជាជនដែលមានអាយ១៨ឆ្នាំឡើងដែលនឹងត្រូវចាក់វ៉ាក់សាំងតែ១០លាននាក់ប៉ុណ្ណោះ ដែលថ្ងៃនេះយើងចាក់បាន២លាននាក់ស្មើនឹង២០ភាគរយរួចទៅហើយ។ 

ការចាក់វ៉ាក់សាំងនេះយើងក៏បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញក្រៅ គឺចាក់នៅរាជធានីភ្នំពេញដែលមានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញទៅបណ្តាខេត្តទៅតាមលំដាប់អាទិភាព៕