បើយើងគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ ទ្វារទឹកចំនួន ៣ ខេត្តបានធ្វើការបើ ដើម្បីរំដោះទឹកយ៉ាងច្រើន ដែលកើនឡើងដោយសារតែជំនន់ទឹកភ្លៀងនាពេលប៉ុន្មានថ្ងៃនេះ។ ក្នុងនោះទ្វារទឹកទាំង ៣នោះមាននៅខេត្តបាត់ដំបង, កំពត និងស្ទឹងត្រែង។
ការបើកទ្វារទឹកពហុបំណងសេកសក ខេត្តបាត់ដំបង គឺធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងប៉ែកខាងលើ ស្រុកសំឡូត ជាប់ព្រំដែនប្រទេសថៃ។ ការបើកទ្វារទឹកនេះបានធ្វើអោយ ទឹកស្ទឺងសង្កែហក់ឡើងយ៉ាងខ្លាំងនៅរសៀលថ្ងៃនេះ។
ហើយកាលពីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ទំនប់វារីអគ្គិសនី កំចាយ ខេត្តកំពត ក៏បានធ្វើការបើកទ្វារទឹករបស់ខ្លួន ដើម្បីរំដោះទឹកផងដែរ ដោយសារតែនៅផ្នែកខាងលើមានភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃ។ កត្តានេះបានធ្វើអោយមានមានទឹកជំនន់នៅតំបន់មួយចំនួននៅជាប់ដងព្រែកកំពង់បាយ និងក្រុងកំពត។
ចំណែកម៉ោង៨យប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ក៏មានការបើក ទ្វារទឹកនៅទំនប់វារីអគ្គិសនីសេសាន ២ផងដែរ ដោយសារ ខ្សែទឹក ខាងលើ នៃទន្លេ ស្រែ ពក មានភ្លៀងធ្លាក់ខ្លាំង គ្រប់តំបន់ បានបន្តកើនឡើងនៃលំហូរទឹកឥតឈប់ឈរ មកដល់ផ្នែកខាងក្រោម៕