បន្ទាយមានជ័យ៖ បងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្ត ពិសេសនៅក្រុងប៉ោយប៉ែត សូមកុំមានក្តីបារម្ភ ជ្រួលច្របល់ខ្លាំង ក្រោយផ្ទុះដំណឹងករណីវិជ្ជមានលើបុរសជនជាត់ឥណ្ឌូនេស៊ី នៅក្រុងប៉ោយប៉ែត ហើយត្រូវអាជ្ញាធរបិទខ្ទបទីតាំងមួយចំនួនក្នុងក្រុងប៉ោយប៉ែត ក្នុងថ្ងៃទី២៣ មេសា ឆ្នាំ២០២១នេះ។

ជុំវិញករណីមានវិជ្ជមានជំងឺកូវីដខាងលើនេះ ត្រូវអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ មន្ត្រីជំនាញ សុខាភិបាល ធ្វើការគ្រប់គ្រង និងទប់ស្កាត់បាន ព្រមទាំងអ្នកដែលមានការពាក់ព័ន្ធ អ្នកសង្ស័យទាំងអស់ ត្រូវបានយកសំណាក និងដាក់ឲ្យនៅធ្វើចត្តាឡីស័ក) តាមបច្ចេកទេសសុខាភិបាល

ស្របពេលជាមួយគ្នានេះ ក្នុងនាមអាជ្ញាធរខេត្តបន្ទាយមានជ័យ សូមធ្វើការក្រើនរំលឹក និងផ្ញើសារអំពាវនាវដល់អាជីវករ ពាណិជ្ជករលក់ទាំងអស់ សូមកុំដំឡើងថ្លៃទំនិញ គឺរក្សាការលក់ទិញជាធម្មតាជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋយើង។

ជាថ្មីម្តងទៀត សូមអំពាវនាវដល់ពុកម៉ែប្អូនប្រជាពលរដ្ឋ ទាំងអាជីវករទាំងអស់ សូមកុំមានក្តីព្រួយបារម្ភ ភ័យស្លន់ស្លោ បាត់ម្ចាស់ការ ស្តាប់តាមការជូនដំណឹងផ្លូវការរបស់អាជ្ញាធរដែនដី។

ផ្ទុយទៅវិញត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក៕