រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ - Techo Digital Talent Scholarship” ចំនួន១០០កន្លែងកាលពីឆ្នាំសិក្សា២០២១ និងបន្តផ្តល់បន្ថែម១៥០កន្លែង ក្នុងឆ្នាំសិក្សា២០២២នេះ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលរយៈពេល៤ឆ្នាំ នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៤ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ។

១. អត្ថប្រយោជន៍នៃអាហារូបករណ៍

និស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោនឹងទទួលបានអត្ថប្រយោជន៍រួមមាន៖ ថ្លៃសិក្សា ប្រាក់ឧបត្ថម្ភថ្លៃស្នាក់នៅហូបចុកចំនួន ៣២០.០០០ រៀល ក្នុងមួយខែរហូតចប់ថ្នាក់បរិញ្ញាបត្រ ព្រមទាំងទទួលបានកុំព្យូទ័រយួរដៃ១គ្រឿង សម្រាប់ប្រើប្រាស់ក្នុងការសិក្សា ។

២. គ្រឹះស្ថានអប់រំនិងជំនាញសិក្សា

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោផ្តល់ជូនដល់និស្សិតសម្រាប់សិក្សានៅគ្រឹះស្ថានឧត្តមសិក្សាដែលមានជំនាញនិងចំនួនកំណត់ដូចខាងក្រោម៖

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចំនួន ១០០កន្លែង

-ទូរគមនាគមន៍ និងបណ្តាញ (Telecommunication and Networking)

-វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)

-ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce)

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ចំនួន ២០កន្លែង

-វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)

-ទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecommunication and Electronic)

-បច្ចេកវិទ្យាព័ត៌មាន (Information Technology)

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចំនួន ១៥កន្លែង

-វិស្វករបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង(Information and Communication Engineering)

-អេឡិចត្រូនិកនិងទូរគមនាគមន៍ (Electronic and Telecommunication)

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ចំនួន ១៥កន្លែង

-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communications Technology)

-គ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន (Information Technology Management)

៣. លក្ខខណ្ឌនៃការជ្រើសរើស

បេក្ខជន បេក្ខនារីទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដោយមានលក្ខខណ្ឌដូចខាងក្រោម ៖

-ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលមាននិទ្ទេសរួម A B ឬ C (ចំពោះសិស្សដែលមាន និទេ្ទសរួម C ត្រូវមាននិទ្ទេស A លើមុខវិជ្ជាវិទ្យាសាស្ត្រ៖ គណិតវិទ្យា និងរូបវិទ្យា)

-ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសា គណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស។ និស្សិតដែលមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព និងនិស្សិតនារីត្រូវបានលើកទឹកចិត្ត។

៤. កាលបរិច្ឆេទ និងការចុះឈ្មោះប្រឡង

ការចុះឈ្មោះប្រឡងត្រូវធ្វើតាមប្រព័ន្ធអនឡាញ

www.cadt.edu.kh/scholarship

ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧។

ខ្ញុំសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ក្មួយៗនឹងដាក់ពាក្យស្នើសុំប្រឡងប្រជែង “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” និងខិតខំរៀនសូត្រ និងអភិវឌ្ឍចំណេះដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឆ្ពោះទៅសម្រេចបានបរិវត្តកម្មឌីជីថលនៅកម្ពុជានាពេលអនាគត។