មហាសេដ្ឋីដីគោកលោក Jack Ma គឺជាធុរជនដ៏ជោគជ័យម្នាក់ ក្នុងវិស័យអាជីវកម្មអនឡាញដ៏ល្បីល្បាញមួយរូបដែលអាជីវកម្មរបស់លោក មានមនុស្សជាច្រើនជុំវិញពិភពលោកបានទទួលស្គាល់។ ជាការពិតណាស់លោកបានចាប់ផ្តើមអាជីវកម្មដំបូង ដោយមានទឹកប្រាក់សរុបត្រឹមតែ ២ម៉ឺនដុល្លារប៉ុណ្ណោះ ប៉ុន្តែមកទល់ពេលនេះ​លោកមានទឹកប្រាក់ក្នុងដៃរហូតដល់ទៅរាប់ពាន់លានដុល្លារឯណោះ។ ខាងក្រោម​គឺជាគោលការណ៍ចំនួន៥ ​ដែលលោកតែងតែប្រកាន់ភ្ជាប់តាមខ្លួនមកជានិច្ច៖

១) ត្រៀមខ្លួនជានិច្ចចំពោះពាក្យបដិសេធ

មហាសេដ្ឋី Jack Ma គឺជាបុគ្គលមួយរូប ដែលធ្លាប់មានប្រវត្តិដាក់ពាក្យធ្វើការធ្លាក់ក្នុងបទសម្ភាសន៍រហូតដល់ចំនួន៣០ដង សូម្បីតែនៅក្នុងការសម្ភាសន៍មួយដែលមានបេក្ខជនចំនួន២៤រូប ហើយក្នុងនោះមានបេក្ខជនជាប់សរុបចំនួន២៣រូប​ ប៉ុន្តែមានតែរូបលោកម្នាក់គត់ ដែលបានធ្លាក់ម្នាក់ឯង។ ហើយលោកក៏ត្រូវបានខាងសកលវិទ្យាល័យបដិសេធ ចំពោះការដាក់ពាក្យចូលរៀនចំនួន ១០លើករួចមកហើយដែរ។ លោកមានផ្នត់គំនិតថា ប្រសិនបើមានការបដិសេធច្រើនដង មិនមែនជាពេលដែលត្រូវបាក់ទឹកចិត្តនិងបោះបង់ចោលក្តីស្រម៉ៃរបស់ខ្លួននោះឡើយ​ ប៉ុន្តែវាជាពេលមួយដែលយើងត្រូវខិតខំប្រឹងប្រែង និងព្យាយាមស្វែងរកវិធីសាស្រ្តថ្មីជាបន្តទៅទៀត។​

២) មានក្តីស្រមៃជាក់លាក់

ក្តីស្រមៃ គឺជាកូនសោរសម្ងាត់ ដែលជួយជំរុញអ្នកឱ្យខិតខំឆ្ពោះដំណើរទៅមុខរហូតដល់គោលដៅចុងក្រោយ ព្រោះវាជាកម្លាំងដ៏មហិមារដែលដឹកនាំអ្នកឱ្យមានការខិតខំប្រឹងប្រែង ​និងតស៊ូ​ដើម្បីសម្រេចជោគជ័យដល់ដំណាក់កាលដែលអ្នកប្រាថ្នាចង់បាន។​ ថ្ងៃណាមួយភាពជោគជ័យនឹងខិតមករកអ្នកជាក់ជាមិនខាន ប្រសិនបើអ្នកនៅបន្ត និងមិនព្រមបោះបង់ចោលក្តីស្រមៃរបស់ខ្លួន​។

៣) ត្រូវគិតថា អតិថិជនគឺសំខាន់ជាងគេបង្អស់

រាល់ការធ្វើអ្វីមួយ គឺត្រូវគិតទៅលើអតិថិជនមុនគេ ពីព្រោះ​ថាអតិថិជនគឺជាស្តេចទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអ្នក។ ជាមួយគ្នានេះដែរលោក Jack Ma តែងតែរក្សានូវគោលគំនិតដែលគិតថា​ អតិថិជនគឺជាអ្នកលេខ១ បុគ្គលិកគឺជាអ្នកលេខ២ និងម្ចាស់ក្រុមហ៊ុនគឺជាអ្នកលេខ៣។ នេះដោយសារតែ​អតិថិជន គឺជាផ្នែកយ៉ាងសំខាន់បំផុតដែលអាចនាំឱ្យការធ្វើអាជីវកម្មដំណើរការទៅមុខយ៉ាងឆាប់រហ័ស។​

៤) ត្រូវមានឆន្ទៈធំ និងគោលជំហររឹងមាំ

លោកបាននិយាយថា អ្នកត្រូវមានឆន្ទៈធំជានិច្ចក្នុងការធ្វើអាជីវកម្ម ឬធ្វើកិច្ចការអ្វីមួយដោយមិនចាំបាច់គិតថាខ្លាចលើសម៉ោង ឬមួយក៍ខ្លាចនឿយហត់នោះទេ ពោលគឺអ្នកត្រូវតែដឹងថាខ្លួនត្រូវការអ្វី និងចង់បានអ្វីក្នុងជីវិត។​ ហើយវានឹងធ្វើឱ្យអ្នកមានកម្លាំងចិត្តក្នុងការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយដែលរារាំងគោលដៅរបស់អ្នក។

៥) កុំគិតពីពាក្យសម្តី និងការទិតៀនរបស់អ្នកដ៏ទៃច្រើនពេក

អ្នកមិនត្រូវគិតច្រើនទៅលើពាក្យរិះគន់​ បន្ទោសបង្អាប់ពីសំណាក់អ្នកដ៏ទៃនោះទេ ពីព្រោះថា​វាមិនបានជួយអ្វីដល់អ្នកឡើយ​។ ផ្ទុយទៅវិញវារឹតតែធ្វើឱ្យអ្នកបាក់ទឹកចិត្ត និងមិនសប្បាយរីករាយក្នុងចិត្តទៅវិញថែមទៀតនោះទេ។ បើយោងទៅតាមបទពិសោធន៍របស់លោកជាក់ស្តែងកាលពីលោកបង្កើតក្រុមហ៊ុនអាលីបាបាដំបូង ​ដោយប្រើប្រាស់ប្រព័ន្ធអាលីផេ។​ ក្នុងនោះផងដែរមានមនុស្សជាច្រើនបានគិតថា វាគឺជាគំនិតឆ្គួតលីលាមួយ​​ប៉ុន្តែលោកមិនខ្វល់នោះទេ ពីព្រោះលោកគិតថាពេលណាមនុស្សបានប្រើប្រាស់វា ពួកគេប្រាកដជាទទួលស្គាល់ដឹងពីលក្ខណៈពិសេសរបស់វាដោយខ្លួនឯង។

សរុបរួមមកវិញ ​ប្រសិនបើអ្នកមានគម្រោងបង្កើតអាជីវកម្មគួរតែព្យាយាមសិក្សារៀនសូត្រពីគន្លឹះទាំង៥ខាងលើ របស់មហាសេដ្ឋី Jack Ma ដើម្បីជាដើមទុនចំណេះដឹង ក្នុងការដោះស្រាយបញ្ហារាល់ពេលដែលអាជីវកម្មរបស់អ្នកជួបប្រទះនូវឧបសគ្គតូចធំនានា៕