អាជ្ញាធរថៃបានធ្វើការបណ្តេញអ្នកកាសែត CNN ២ រូប គឺនាង Anna Marguerite Coren អាយុ ៤៧ ឆ្នាំ មានសញ្ជាតិអូស្ត្រាលីនិង លោក Daniel John Hodge អាយុ ៣៤ ឆ្នាំ សញ្ជាតិអង់គ្លេស និង ជាអ្នកកាន់កាមេរ៉ា អោយចេញពីប្រទេសថៃ ដោយអ្នកទាំងពីរនេះបានបំពានកន្លែងហាមឃាត់ចូលទៅថតកន្លែងការបាញ់ និងកាប់សម្លាប់រង្គាលកាលពីថ្ងៃសៅរ៍ ទី ៨ តុលា ២០២២ គឺ២ថ្ងៃក្រោយដែលអតីតតម្រួតម្នាក់ប្រដាប់ដោយកាំភ្លើងខ្លី កាំបិតបុ័ងតោ បានចូលទៅបាញ់ និង កាប់កុមារៗនៅក្នុងមណ្ឌលថែទាំកុមារក្នុងស្រុក Na Klang ខេត្ត Nong Bua Lam Phu មក ។
ក្លិបអ្នកឆ្លើយឆ្លងសារព័ត៌មានបរទេសប្រទេសថៃ ( Foreign Correspondents Club of Thailand ) និង ក្លិបអ្នកកាសែតថៃ បានចាត់ទុកថាទង្វើរបស់អ្នកកាសែតទាំង ២ នាក់ គឺគ្មានវិជ្ជាជីវៈ (Unprofessional) និងផ្ទុយទាំងស្រុងទៅនឹងក្រមសីលធម៌អ្នកសារព័ត៌មាន៕