ខេត្តកណ្ដាល៖ អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង នៅតែរក្សាទុកដដែលសម្រាប់បម្រើវិស័យយោធា ការហោះហើរឯកជនក្នុងស្រុក ការដឹកជញ្ជូនទំនិញនិងការចុះចតរបស់គណប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិ ខណៈដែលព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាល គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣។ នេះបើតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តីក្នុងឱកាសអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នាព្រឹកថ្ងៃទី២២ខែមិថុនា ស្ថិតនៅ ក្នុងស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល។

សម្ដេចបានមានប្រសាសន៍ថា៖ តាមការគិតជាបឋមរបស់ខ្ញុំ អាចាស់ត្រូវទុកនៅជាព្រលានយន្តហោះដដែល ប៉ុន្តែមុខងាររបស់វា ទី១ ជាព្រលានយោធាកងទ័ព ដែលជាព្រលានយន្តយោធាដដែល ទី២ ការហោះហើរផ្ទៃក្នុង ទី៣ យើងប្រើសម្រាប់ការដឹកជញ្ជូន សំភារៈទំនិញតាមផ្លូវអាកាស ឯចុងក្រោយ យើងអាចរៀបចំមូលដ្ឋាន គេអាចយកយន្តហោះមកផ្ញើរកន្លែងយើង ហើយសម្រាប់ការអញ្ជើញមកដល់នៃឥស្សរជនជាន់ខ្ពស់ ជាព្រះមហាក្សត្រ ជាប្រមុខរដ្ឋ ជានាយករដ្ឋមន្រ្តី មកទស្សនៈកិច្ចនៅកម្ពុជា គឺចុះនៅពោធិ៍ចិនតុងដដែល