ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានសម្រេចណែនាំឲ្យបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅទូទាំងរាធានីភ្នំពេញ រយៈពេល១៤ថ្ងៃ។ នេះបើតាមសេចក្ដីណែនាំ ដែលចេញផ្សាយនៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។
រដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់ របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពវិវឌ្ឍ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយផ្តោតសំខាន់ចំពោះអាជីវករតាមបណ្តាផ្សារទាំងអស់ ក្នុងរាជធានីភ្នំពេញ ដែលមានការឆ្លងជាបន្តបន្ទាប់ក្នុងអត្រាប្រឈមខ្ពស់ គួរឱ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការដើម្បីទប់ស្កាត់ជាបន្ទាន់។
សេចក្ដីណែនាំក៏បានឲ្យ ប្រជាពលរដ្ឋដែលជាអាជីវករ គ្រួសារអាជីវករ សន្ដិសុខបុគ្គលិកទាំងអស់ របស់ផ្សារ ដែលបានបើកអាជីវកម្មគិតពីថ្ងៃ១៧មេសាមក ត្រូវទៅយកសំណាកតេស្ដកូវីដ១៩ តាមទីតាំងដែលមានកំណត់៕