ខេត្តព្រះវិហារ៖ លោក យុង គឹមហ៊ាន ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការហើយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះ ដោយក្នុងពិធីប្រកាសកាន់មុខតំណែង ក្រោមអធិបតីភាពឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ  និងការចូលរួមពីមន្រ្តីរាជការជាច្រើនផងដែរ។

លោក យុង គឹមហ៊ាន ត្រូវបានប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត្យតែងតាំងជាអភិបាលរងខេត្តព្រះវិហារ កាលពីថ្ងៃ ២៤ មិថុនា កន្លងទៅ ជំនួសលោក គោស៊ុំ ប៊ុនសឿត ដែលត្រូវផ្ទេរភារកិច្ចភារកិច្ច ទៅកាន់អភិបាលរងខេត្តប៉ៃលិន វិញ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ថ្លែងការកោតសសើរពីការខិតខំបំពេញភារកិច្ចរបស់លោកលោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្រ្តីរាជក្នុងខេត្តរយៈពេលកន្លងមក។ ឯកឧត្តមអភិបាលខេត្តបន្តថា នៅបរិការនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ យើងទាំងអស់គ្នា កាតព្វកិច្ចរួមសាមគ្គីគ្នាជាធ្លុងមួយចូលរួមរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩ដ៏កាចសាហាវនេះ និងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវវិធានការណ៍៣ កុំ ៣ការពារតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាល ដោយត្រូវរៀនរស់តាមគន្លង់ថ្មី ។

ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើរដល់អភិបាលរងដែលទើបតែងតាំថ្មី ត្រូវអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល បន្តថែរក្សាការពារសន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខសណ្តាប់ធ្នាប់និងស្ថិរភាពសង្គមឲ្យបានល្អប្រសើរ រក្សាសាមគ្គីភាពផ្ទៃក្នុង ក្នុងជួរក្រុមប្រឹក្សា គណៈអភិបាល និងមន្រ្តីក្រោមឱវាទ ខិតខំបំពេញការងារប្រកបដោយស្មារតីយកចិត្តទុកដាក់ មានទំនួលខុសត្រូវខ្ពស់ ពិសេសសហការណ៍ល្អប្រសើរជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តនូវកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងទិសដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គម៕