អភិក្រមទី៥ «វះកាត់»ត្រូវបានអនុវត្តជាបន្តបន្ទាប់ ចំពោះមន្ត្រីមន្ត្រីខិលខូច ជាពិសេសមន្ត្រីប្រព្រឹត្តអំពើពុករលួយ

ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់អគារពហុកីឡដ្ឋានជាតិ «មរតកតេជោ» នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញជំហរម៉ឺងម៉ាត់ក្នុងការអនុវត្តអភិក្រមទី៥ «វះកាត់» ចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ។ សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចនឹងបញ្ជូនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយឱ្យចុះទៅចាត់ការផ្ទាល់តែម្តង ចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ ដោយចាប់យកត្រង់ៗតែម្តង ដោយមិនចាំបាច់មកតាមខ្សែអ្វីនោះទេ ហើយមន្ត្រីប្រព្រឹត្តអំពើពុករលួយទាំងនេះ មិនត្រឹមតែដកតំណែងចេញនោះទេ តែត្រូវពិនិត្យលើទ្រព្យសម្បត្តិរបស់ពួកគេផងដែរ។

ជាក់ស្តែង ដូចជាកាលពីពេលថ្មីៗកន្លងទៅនេះ អង្គភាពប្រឆាំងអំពើពុករលួយបានចុះទៅចាប់ខ្លួនមន្ត្រីនៃមន្ទីរសុរិយោដីខេត្តពោធិ៍សាត់៣រូប ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។ មន្ត្រីសុរិយោដីទាំង៣រូប បានទារលុយរហូតដល់ ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជាថ្នូរនឹងការអនុញ្ញាតឱ្យសាងសង់សំណង់រោងចក្រនៅទីនោះ ដែលសម្តេចតេជោបានដឹងអំពីរឿងនេះច្បាស់។

ការប្រព្រឹត្តអំពើពុករលួយ គឺជាឧបសគ្គដ៏ធំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើសកម្មភាពប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងចំពោះការប្រព្រឹត្តអំពើពុករលួយនេះ។ អរគុណបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការ ដែលបានចូលរួមចំណែកផ្តល់នូវដំណឹងក៏ដូចជាព័ត៌មានក្នុងការចូលរួមទប់ស្កាត់អំពើពុករលួយ៕