សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

យើង​គ្រប់​គ្នា​ក៏​បាន​ដឹង​ហើយ​ថាយើង​កំពុង​ស្ថិត​នៅ​ខែ​ទី​៣ នៃ​ឆ្នាំ​២០២១ ដែល​ធ្លាប់​ជា​ឆ្នាំ​ថ្មី​ក្នុង​គំនិត​របស់​យើង​ថា​នឹង​ធ្វើ​សកម្មភាព​ថ្មី​ៗល្អ​ៗ​ ជា​​ការ​រួម​ចំណែក​ដល់​គោល​ដៅ​ថ្មី​ដែល​យើង​ប៉ង​ទុក​។ ជា​មួយ​គ្នា​នេះសកម្មភាព​ខាង​ក្រោម​អ្នក​ក៏​អាច​ពិចារណា​​សម្រាប់​ការ​អភិវឌ្ឍរួម​ចំណែក​ដល់​​គោល​ដៅ​​ធំ​ៗ​របស់​អ្នក​ឱ្យ​ទៅ​មុខ​ រី​ក​ចម្រើនព្រម​ទាំង​បាន​ជា​ប្រយោជន៍​ទៅ​ដល់​សង្គមបរិស្ថាន​ដែល​អ្នក​រស់​នៅ​ទៀត​​ផង​ដែល​មាន​ដូច​ជា​៖

.មាន​ថ្ងៃ​ខ្លះ​សម្រាប់​តម​សាច់

យើង​សឹង​គ្រប់​គ្នា​ដឹង​ហើយ​ថាសាច់​ជា​ប្រភព​ប្រូតេអ៊ីន​ល្អ​សម្រាប់​រាង​កាយប៉ុន្តែ​បើ​យើង​ដឹង​ថា​​​ទទួល​ទាន​វា​ច្រើន​ពេក​លើស​ចំណុះ ក៏​គួរ​គិត​គូរ​​ឡើង​វិញ​គឺ​ដើម្បី​សុខភាព​។ ហើយ​ប្រាកដ​ណាស់​សុខភាព​ជា​ទ្រព្យ​ដ៏​ប្រសើរ​ដែល​នៅ​ទ្រ​ទ្រង់​​អ្នក​នៅ​ជាប់​ជា​មួយ​អ្នក នៅ​ជួយ​ថែ​ទាំ​អ្នក​​ដើម្បី​ទៅ​ដល់​​គោល​ដៅ​ដែល​អ្នក​ប្រាថ្នា​។ ដូច​នេះ​ ការ​យក​ចិត្ត​ទុក​ដាក់​បន្តិច​លើ​របប​អាហារក៏​ជា​ចំណែក​មួយ​សម្រាប់​គោល​ដៅ​ជីវិត​អ្នក​ដែរ។

.មើល​ថែ​លុយ​កាក់ និង​​​វិនិយោគ​ដោយ​ត្រឹម​ត្រូវ

យើង​​គ្រប់​​គ្នា​ជា​​អ្នក​ដឹងនិង​គ្រប់​គ្រង​នូវ​ប្រភព​​លុយដែល​ត្រូវ​ចាយ​លើ​អ្វី​ខ្លះហើយ​ការ​​ចំណាយ​នុះក៏​ត្រូវ​សម​នឹង​តម្លៃ​ដែល​ត្រូវ​ចាយ ​មាន​ន័យ​ថាគួរ​ចំណាយ​លើ​អ្វី​ដែល​នាំ​ឱ្យ​ចម្រើន​ជា​ប្រយោជន៍ ​ជា​ការ​វិនិយោគ​ជា​ការ​សិក្សា​មុខ​ជំនា​ញ​ថ្មី ឬ​ជា​ការ​សន្សំ​​សម្រាប់​​ជា​ខ្ទង់​ចំណាយ​បន្ទាន់​ពេល​អាសន្ន​ជា​ដើម​។ ដូច​នេះ ការ​រំលឹក​ខ្លួន​ឯ​ង​ជា​រឿយ​ៗលើ​ប្រភព​ថវិកា​ក៏​ជា​ចំណែក​មួយ​សម្រាប់​បំពេញ​គោល​ដៅ​អ្នក​ផង​ដែរព្រោះ​ថា​សកម្មភាព​​បន្ត​បន្ទាប់​ នៃ​គោល​ដៅ​អ្នក​​គឺ​ត្រូវ​ការ​ប្រភព​ថវិកា​ខ្លះ​​សម្រាប់​ទ្រ​ទ្រង់​។

Image

.លើក​សរសើរ​ក្នុង​ពេល​វេលា​លំបាក​នេះ

តើ​អ្នក​ធ្លាប់​សម្គាល់​លើ​ចំណុច​តូច​ៗ ​ឬ​សមិទ្ធិផល​មួយ​ចំនួន​ដែល​មាន​ គឺ​កើត​ចេញ​ពី​សកម្មភាព​តូច​ៗ​ប្រចាំ​ថ្ងៃ​ដែល​បាន​ធ្វើ ឬ​បង្កើត​វា​ឡើងហើយ​ពេល​ខ្លះ​ដោយ​ការ​ព្យាយាម និង​ប្រឹង​ប្រែង​ទើប​ជម្នះ​​បង្កើត​ចេញ​ជា​រូប​រាង ឬ​ដំណើរ​។ ចំណុច​នេះ មាន​ន័យ​ថាគឺ​កុំ​ភ្លេច​សសើរ​ប្រាប់​ខ្លួន​ឯងពី​កិច្ច​ការ​ដែល​អ្នក​បាន​ខំ​ប្រឹង​ប្រែង​ធ្វើ​ជា​ប្រចាំ​ថ្ងៃហើយ​ក៏​មិន​គួរ​កំណាញ់​ពាក្យ​អរគុណ ឬ​ពាក្យ​សរសើរ​ទៅ​​ដល់អ្នក​​ ឬ​ក្រុម​ការងារ​ដែល​ខិត​ខំ​បំពេញ​ការ​ងារពិសេស​ ក្នុង​ពេល​វេលា​លំបាក​​នេះ(​ការ​រាត​ត្បាត​​ពី​កូវីដ​-១៩​)ព្រោះ​ថា​កម្លាំង​ចិត្ត​និង​ទឹក​ចិត្ត​ក៏​ជា​ផ្នែក​មួយមិន​អាច​ខ្វះ​បាន​ផង​ដែរសម្រាប់​ការ​បន្ត​ដំណើរ​ទៅ​រក​គោល​ដៅ ហើយ​ពិសេស​វា​ក៏​មាន​ឥទ្ធិពល​ទាក់​ទង​ទៅ​​វិញ​ទៅ​មក​។

.ចែក​រំលែក​និង​រៀន​ចំណេះ​ដឹងតាម​គោល​ការណ៍​​"ក្មេង​​មិន​អាច​ខ្វះចាស់​មិន​អាច​អត់​"

ចំណេះ​ដឹង​មាន​ច្រើន​​​ឥត​កំណត់​ពិសេស​រាប់​តាំង​ពី​មនុស្ស​ជា​ច្រើន​ដែល​អ្នក​បាន​ជួប​ដែល​ពួក​គេ​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ​ពី​អ្នក។ ចំណុច​នេះ សម្តៅ​ដល់​ការ​​គោរ​ព​នឹង​ឱ្យ​តម្លៃ​លើ​មនុស្ស​គ្រប់​គ្នា​ដែល​អ្នក​​បាន​ជួបមិន​ថា​អាយុ​ក្មេង ឬ​ចាស់ព្រោះ​ថា​ គំនិត​ថ្មី​ៗ និង​បទ​ពិសោធ​ រួម​​គ្នា​នឹង​​ជម្រុញ​ឱ្យ​ដល់​​គោលដៅ​មួយ​គ្រោង​ទុកហើយ​មាន​ប្រសិទ្ធិភាព។ តាម​រយៈ​ចំណេះ​​ដឹង​ និង​បទ​ពិសោធ​ពី​មនុស្ស​គ្រប់​គ្នាដែល​បាន​ចែក​រំលែក​ដល់​អ្នកដែល​​រំលឹក​អ្នក​ឱ្យ​រៀន​សូត្រ​ជាប់​ជា​ប្រចាំ​សម្រាប់​សម្រេច​ក្តី​ប្រាថ្នា​ដែល​អ្នក​​ប៉ង​ទុក​៕​​​​