ទឹក ជាប្រភពយ៉ាងសំខាន់សម្រាប់ជីវិតមនុស្សម្នាក់ៗ ព្រោះមនុស្សអាចអត់បាយបានយូរថ្ងៃ តែមិនអាចអត់ទឹកបាននោះទេ។ បច្ចុប្បន្ននេះយើងឃើញថា ​ការបំពុលទឹកលើពិភពលោកចាប់ផ្តើមមានការកើនឡើងដែលធ្វើឱ្យប្រទេសមួយចំនួន​ត្រូវជួបបញ្ហាជាច្រើនជាពិសេស​បញ្ហាខ្វះទឹកស្អាតប្រើប្រាស់។

ពាក់ព័ន្ធនឹងបញ្ហានេះ បណ្ឌិត Patrick Dixon អ្នកជំនាញផ្នែកយុទ្ធសាស្រ្តនិងព្យាករណ៍​បញ្ហាលើពិភពលោកបានបញ្ជាក់ថា កាលពីជាង២០ឆ្នាំមុន លោកបានព្រមានរួចហើយពីសង្គ្រាមទឹក ដែលទឹកនឹងក្លាយជាបញ្ហាសន្តិសុខជាតិ។ បន្ទាប់មក​បញ្ហានេះក៏បានកើតឡើងពិតប្រាកដមែននៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់។ លោកថាទន្លេប្រឡាយ ទំនប់ រោងចក្រប្រព្រឹត្តកម្មទឹក និងបណ្តាញបំពង់​បង្ហូរ​ទឹក​ទាំងអស់ បានក្លាយជាគោលដៅរបស់យោធា។ទីក្រុងទាំងមូល​នៅតំបន់វាលខ្សាច់ ត្រូវបានដាក់​ឱ្យស្ថិតក្នុងតំបន់ដែលមានទឹកតិចឬមិនសូវមានសោះ។

អ្នកជំនាញខាងលើបានបញ្ជាក់ថា យើងអាចមើលឃើញពីសង្គ្រាមដណ្តើមទឹកកើតឡើងរវាងប្រទេសដោយឈ្លោះប្រកែក​គ្នា អំពីកម្រិត​បរិមាណទឹក​ហូរចូល​ក្នុងប្រទេសមួយ ​ស្ថិតនៅតាមដងទន្លេដ៏វែងឬកម្រិត​អនុញ្ញាតឱ្យប្រទេសមួយមានការបំពុលដល់​ការផ្គត់ផ្គង់ទឹក​របស់ប្រទេសដទៃ។ នៅឆ្នាំ ២០០៦ មានគ្រោះរាំងស្ងួត​កើតឡើងនៅទ្វីប​អាហ្វ្រិកខាងកើត ដែលបណ្តាលឱ្យកម្រិតទឹកនៅបឹងVictoriaធ្លាក់ចុះ។ នៅពេលនោះដែរ រដ្ឋាភិបាល Uganda បាន​សម្រេចចិត្ត​ កាត់បន្ថយបរិមាណទឹកតាមរយៈទំនប់វារីអគ្គិសនី ​ដែលហូរចេញពីបឹង Victoria ចូល​ទៅក្នុងប្រភពទន្លេនីល។ សកម្មភាពនេះ បានគំរាមកំហែង​ដល់វិបត្តិសម្រាប់ប្រទេសមួយចំនួនដូចជា ប្រទេសស៊ូដង់ដែលជាប្រទេសពឹង​លើទន្លឹងដ៏ធំមួយនេះ។

ងាកទៅអឺរ៉ុបវិញ ប្រទេសអាល្លឺម៉ង់និងប្រទេសអូទ្រីស ត្រូវបានប្តឹង​ដោយរដ្ឋជាច្រើន​នៅតំបន់សមុទ្រខ្មៅតាមរយៈសហភាពអឺរ៉ុប ពី​បទបំពុលទន្លេ Danube។ ឥទ្ធិពលនៃជាតិពុលនៅក្នុងទឹកដែលបង្ករដោយសកម្មភាពប្រទេសទាំងពីរនេះបានបណ្តាលឱ្យ​សមុទ្រខ្មៅ រងផលប៉ះពាល់យ៉ាងច្រើន ដូចជា​ត្រីរាប់លានក្បាលបានងាប់និងបំផ្លាញជីវៈចម្រុះចំនួន ៤០ប្រភេទផ្សេងទៀត។ លោកព្យាករថា អនាគតទៅអាចនឹងមានបញ្ហាជាច្រើនទៀត ចំពោះភាគីពាក់ព័ន្ធនានានៅម្តុំខ្សែទឹកខាងលើ​និងក្រោមទន្លេ ដូចជាកសិករ ភូមិរបស់ប្រជាជន និងប្រទេសមួយចំនួន​ដែលរងផលប៉ះពាល់។

ហេតុនេះប្រសិនបើការបំពុលបរិស្ថាននៅតែកើតមានឡើង នោះស្ថានភាពអាក្រក់នឹងកាន់តែកើតមានឡើងលើពិភពលោក ព្រោះមនុស្សគ្រប់គ្នាត្រូវការទឹកជាចាំបាច់បំផុតសម្រាប់ការរស់នៅ៕

រូបភាពពី reviewonline.co.za