ក្រុងវៀងចន្ទន៍៖ អត្រាអតិផរណាធៀបនឹងឆ្នាំទៅ នៅក្នុងប្រទេសឡាវបានកើនឡើងដល់ 9.9 ភាគរយនៅក្នុងខែមេសា ដែលជាតួលេខខ្ពស់បំផុតដែលបានកត់ត្រាចាប់តាំងពីខែមករា ឆ្នាំ 2016 នេះបើយោងតាមរបាយការណ៍ចុងក្រោយពីការិយាល័យស្ថិតិឡាវ។
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើងក្នុងល្បឿនដ៏លឿនបំផុត ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានភាពច្របូកច្របល់ ជាមួយនឹងការចំណាយលើអាហារ ប្រេងឥន្ធនៈ និងរបស់ចាំបាច់ផ្សេងៗទៀត។
ប្រទេសឡាវមានអត្រាអតិផរណាខ្ពស់បំផុតមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលភាគច្រើនត្រូវបានជំរុញដោយការកើនឡើងតម្លៃប្រេង និងការបន្តធ្លាក់ចុះនៃប្រាក់គីប។
ជម្លោះរុស្ស៊ី-អ៊ុយក្រែន បានបណ្តាលឱ្យទីផ្សារឥន្ធនៈពិភពលោកប្រែប្រួល បង្កើនភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយ និងប៉ះពាល់ដល់តម្លៃទំនិញប្រើប្រាស់ក្នុងប្រទេសឡាវ ដែលកាន់តែធ្ងន់ធ្ងរឡើងដោយការរីករាលដាលនៃមេរោគកូវីដ។
ការបន្តធ្លាក់ថ្លៃនៃប្រាក់គីប ធៀបនឹងប្រាក់បាតថៃ និងប្រាក់ដុល្លារអាមេរិកមានន័យថា អាជីវកម្មត្រូវចំណាយកាន់តែច្រើនដើម្បីទិញរូបិយប័ណ្ណបរទេសដែលត្រូវការសម្រាប់នាំចូលទំនិញ។ ប្រាក់គីបបានទទួលរងការខាតបង់ដ៏ធំបំផុតនៅក្នុងតម្លៃធៀបនឹងប្រាក់បាត និងប្រាក់ដុល្លារចាប់តាំងពីវិបត្តិហិរញ្ញវត្ថុអាស៊ីក្នុងឆ្នាំ 1997-1998 ។ ប្រាក់គីបបានធ្លាក់ចុះដល់តម្លៃទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយសារការផ្គត់ផ្គង់មិនស៊ីគ្នានឹងតម្រូវការ។