ការប្រាស្រ័យទាក់ទងល្អប្រចាំថ្ងៃ រមែងទទួលបាននូវផលល្អសេចក្តីសោមនស្សរីករាយ មិនថាអ្នកដឹកនាំ ឬមនុស្សទូទៅ។ នៅអត្ថបទនេះ ប្រិយ៍មិត្តនឹងបានស្វែងយល់ពីអង្គប្រាស្រ័យ ដែលក្នុងនាមជាអ្នកដឹកនាំមួយរូបគួរមាន និងអនុវត្តហើយចំណុចនៃអង្គប្រាស្រ័យនេះត្រូវបានចែករំលែកនៅក្នុងវគ្គទី៦ ដោយ លោក ពឹង គិម​ឆេនជាគ្រូឧទ្ទេស នៃកម្មវិធីបណ្តុះបណ្តាលជាសាធារណៈក្រោមប្រធានបទស្តីពី “ឧត្តមានុវត្តន៍នៃភាពជាអ្នកដឹកនាំ”។ អង្គប្រាស្រ័យដែលលោកបានលើកឡើងមានដូចជា៖

. ពាក្យសម្តីពិត

នៅត្រង់ចំណុចទីមួយនេះ លោកគ្រូ គិមឆេនបានលើកឡើងថា ពាក្យពិត តែងជាតម្លៃរបស់អ្នកដឹកនាំ។ ដូច្នេះអ្នកដឹកនាំដែលប្រាស្រ័យទាក់ទងដោយពាក្យសម្តីពិត មិនមុសា រមែងទទួលបានផលល្អប្រសើរនៅក្នុងកិច្ចដឹកនាំរបស់ពួកគេ។

. ពាក្យពីរោះស្រួលស្តាប់

បន្ទាប់ពីអង្គប្រាស្រ័យដែលជាការពោលពាក្យពិត ចំណុចទីពីរនេះលោកសម្តៅទៅលើការដែលអ្នកដឹកនាំចេះប្រើពាក្យពីរោះងាយស្រួលស្តាប់ ងាយយល់ ទៅដល់បុគ្គលិកក្រោមឱវាទ។ហេតុដូចនេះ អង្គប្រាស្រ័យនេះតែងទទួលបានការគោរពមិនថាអ្នកក្រោមឱវាទ និងអ្នកផងទូទៅ។

. ពាក្យប្រាស្រ័យដោយចិត្តមេត្តា

ការប្រាស្រ័យដោយពាក្យចេញពីចិត្តមេត្តាគឺជាតម្លៃពិសេសមួយរបស់អ្នកដឹកនាំ រមែងទទួលការគោរព ពោលគឺការប្រើភាសាទំនាក់ទំនង ដោយមានការសន្តោសដល់កូនចៅដោយសេចក្តីរាប់អាន ដោយបំណងឱ្យអ្នកក្រោមឱវាទបានរីកចម្រើនដូចខ្លួនដែរ។

. ពាក្យមានប្រយោជន៍

ត្រង់ចំណុចនេះ លោកគ្រូ បានលើកឡើងពី ពាក្យសម្តីរបស់អ្នកដឹកនាំដែលបានជាប្រយោជន៍ដល់អ្នកស្តាប់ពដល់កូនចៅ ដែលពួកគេបានផ្តល់ជាប្រយោជន៍ដល់អ្នកដទៃតាមរយៈការប្រាស្រ័យនេះ។ហើយពាក្យដែលជាប្រយោជន៍ និងជាទីគួរឱ្យស្តាប់នោះនិងត្រូវបានយកត្រូវប្រើប្រាស់កកើតជាប្រយោជន៍ជាច្រើនទៀតផងដែរ ដែលនោះគឺជាតម្លៃរបស់អ្នកដឹកនាំ។

. មើលកាលវេលា

ពិតមែន ការប្រើពាក្យពិត ពីរោះស្តាប់មានប្រយោជន៍ ដោយចិត្តមេត្តា ហើយក្នុងនោះ អ្នកដឹកនាំក៏នឹងអាចពិចារណាខ្លួនឯងបានថាគួរប្រើនៅពេលណា ពោលគឺការចេះមើលកាលវេលា ក្នុងការទំនាក់ទំនងនេះ។ និយាយដោយខ្លីគឺការដឹងថា ពេលណាគួរនិយាយ និងមិនគួរនិយាយ។

Image

. បុគ្គលគួរសន្តោស

ចំណុចចុងក្រោយ លោកក៏បានលើកឡើងដែរថា អ្នកដឹកនាំក៏ត្រូវចេះមើលមនុស្សផងដែរ។ការចេះមើលមនុស្សនេះ គឺសម្តៅទៅដល់ អ្នកដែលមាននិស្ស័យ អាចស្តាប់បាននូវការឱ្យមតិយោបល់ការណែនាំ និងអាចកែលម្អបាន និងផ្ទុយមកវិញ ក្នុងភាសាសាមញ្ញ គឺបុគ្គលខ្លះដែលកែមិនឡើង ក៏មិនអាចទទួលបាននូវពាក្យណែនាំឬយោបល់ស្ថាបនានោះបានឡើយ ដូចនេះការចេះមើលបុគ្គលក្រោមឱវាទដែលអាចសន្តោសបានឬមិនអាចសន្តោសបាន ក៏ជាគុណសម្បត្តិមួយរបស់អ្នកដឹកនាំជោគជ័យមួយរូបផងដែរ៕