រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួលជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ​ក្រោមអធិបតីភាពរបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយលោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា។​

កម្មវិធីនេះ បានធ្វើនៅថ្ងៃអង្គារ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ព្រឹក នៅឃ្លាំងឱសថកណ្ដាល នៃក្រសួងសុខាភិបាល។ 

ជំនួយទាំងនេះមាន ជាឧបករណ៍សម្ភារៈបរិក្ខាវេជ្ជសាស្រ្ត រួមមាន ១) សម្ភារៈប្រព័ន្ធត្រជាក់ រួមមាន រថយន្តបំពាក់ប្រព័ន្ធត្រជាក់ធុនធ្ងន់សម្រាប់ដឹកវ៉ាក់សាំង ចំនួន៣គ្រឿង និងបរិក្ខាបន្ទាប់បន្សំ ២)​សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត រួមមាន ម៉ាស ចំនួន ១៦០,០០០ ម៉ាស់ ស្រោមដៃចំនួន ១៦០,០០០ និងជែលលាងដៃ ចំនួន​ ៨,៧៥០ដប និង ៣) សម្ភារៈអប់រំសុខភាព ចំនួន ៣០០,០០០ ដែលសរុបជាទឹកប្រាក់ចំនួន ៣២៨, ០៧៦.៥០ ដុល្លារអាមេរិក។

លោកស្រីវេជ្ជបណ្ឌិត Li Ailan បានគូសរំលេចថា៖ អង្គការសុខភាពពិភពលោក នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការនិងគាំទ្រវិស័យសុខាភិបាលកម្ពុជា មិនត្រឹមតែប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដប៉ុណ្ណោះទេ។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា៖ ជំនួយនេះ សបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់អង្គការសុខភាពពិភពលោក ចំពោះរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ក្នុងស្ថានភាពនៃរួបរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕