ក្រុមគ្រួសារអ្នកស្រី សុំ ទទួលបានកញ្ចប់ជំនួយស្បៀងអាហារ (រូបថតដោយលោក តារា ឈឹម, បុគ្គលិកអង្គការទស្សនៈពិភពលោក)

រាជធានីភ្នំពេញ៖ ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ២០២០- អង្គការទស្សនៈពិភពលោកនៅកម្ពុជា ក្នុងភាពជាដៃគូជាមួយសម្ព័ន្ធ Joining Forces និង គណៈកម្មាធិការដើម្បីសិទ្ធិ កុមារ​នៅ​កម្ពុជា បាន​ចេញរបាយការណ៍វាយតម្លៃដំបូងគេស្ដីពីផលរងប៉ះពាល់ជំងឺកូវីដ​១៩ ដែលបង្ហាញ​ឲ្យដឹងថា ៧២% នៃអ្នកចូលរួមការស្ទង់មតិ​បាន​រាយ​​ការណ៍​​ថា ពួកគេបានជួបប្រទះនូវការបាត់បង់ឬថយចុះនូវប្រាក់ចំណូល។ ដើម្បី​ទប់ទល់ នឹងការបាត់បង់ទាំងនេះ​​​​ ៤៣%​នៃ​ពួកគាត់​បានរាយការណ៍ថា​ ពួកគាត់ត្រូវតែកាត់បន្ថយរបបអាហារ ហូបចុកប្រចាំថ្ងៃ ។ 

“នៅថ្ងៃដែលមិនមានលទ្ធភាពទិញស្បៀងអាហារ គ្រួសាររបស់យើងមានតែអង្ករសម្រាប់បរិភោគ ហើយវាបានបំពេញ ការផ្គត់ផ្គង់​ដល់យើង​បាន​ពីរ​ទៅបីថ្ងៃ។ យើងនៅសល់អង្ករច្រកឆ្នាំងក្នុងពាងចុងក្រោយគេ ល្មមគ្រប់សម្រាប់ដាំបបរ​ប៉ុណ្ណោះ នៅពេលដែល​យើង​មិនទាន់​ទទួល​បាន​ការគាំទ្រពីអង្គការទស្សនៈពិភពលោក” នេះបើតាមសម្ដីរបស់ស្រ្តីមេម៉ាយម្នាក់ មានឈ្មោះសុំអាយុ៤៣ឆ្នាំ ដែល​សព្វ​ថ្ងៃ​នេះ​​គាត់បានបាត់បង់ការងារដោយសារជំងឺកូវីដ១៩។ អ្នកស្រីសុំគឺជាមេគ្រួសារម្នាក់ ដែល​ត្រូវធ្វើការ ដើម្បីចិញ្ចឹម​កូនតូចៗ​ចំនួន​បីនាក់​នៅក្នុងបន្ទុក។

យោងតាមរបាយការណ៍“គំហើញនៃផលប៉ះពាល់នៃជំងឺកូវីដ១៩លើកុមារងាយរងគ្រោះនៅអាស៊ី”ដែលធ្វើឡើងដោយ​អង្គការ​​​ទស្សនៈពិភពលោកអាស៊ីប៉ាស៊ីហ្វិក បានបង្ហាញថាសេដ្ឋកិច្ច ចិត្តសង្គម និងសំពាធរាងកាយគ្រួសារ​ដែលពាក់ព័ន្ធ​នឹងជំងឺ​កូវីដ​១៩​បាន ជះឥទ្ធិពលអវិជ្ជមានគ្រប់វិស័យ លើផ្នែកសុខុមាលភាពកុមារដែលរួមមាន ​ការទទួលបានអាហារ ​និងអាហារូបត្ថម្ភ ការទទួល​បានការ ថែទាំសុខភាព​ និងថ្នាំសង្កូវ ​ការទទួលបានការគាំពារខាងអនាម័យ​ និងសម្ភារៈអនាម័យ ព្រមទាំងបង្កឲ្យ​មានហានិភ័យ​ធ្ងន់ធ្ងរ​ដល់​​ការការពារកុមារ។

“អង្គការទស្សនៈពិភពលោក មានការព្រួយបារម្ភយ៉ាងខ្លំាងចំពោះផលប៉ះពាល់នៃជំងឺកូវីដ១៩ នឹងធ្វើឲ្យរាំងស្ទះដល់​កិច្ចអភិវឌ្ឍរបស់​កុមារ​​ងាយ​រង​​គ្រោះ​បំផុតនៅលើ​ពិភពលោក។ ក្នុងនាមជាអង្គការដែលធ្វើការផ្ដោតលើកុមារ អង្គការទស្សនៈ​ពិភពលោកចង់​ឃើញកុមារ ទាំងអស់​ទទួល​បាន​ការអប់រំទទួលបានអាហារមានជីវជាតិគ្រប់គ្រាន់ និងទទួលបានការការពារ​ដ៏ប្រសើរក្នុង​គ្រប់កាលៈទេសៈ​ទាំងអស់” នេះ​គឺ​ជា ការ​លើកឡើងរបស់លោក Daniel Selvanayagam នាយកជាតិនៃអង្គការ ទស្សនៈពិភពលោកប្រចាំកម្ពុជា។

គិតមកដល់ត្រឹមថ្ងៃទី២ ខែកក្កដា អង្គការទស្សនៈពិភពលោក បានឆ្លើយតបចំពោះសេចក្ដីត្រូវការរបស់ក្រុមគ្រួសារងាយរងគ្រោះដែល រងផលប៉ះពាល់អវិជ្ជមានដោយសារកូវីដ១៩ នៅក្នុងឃុំជាង ៥៥០ ទូទាំង១០ ខេត្ត និងរាជធានីភ្នំពេញ។ អង្គការទស្សនៈពិភព​លោកបានធ្វើការជា​មួយ​ដៃគូ​សហគមន៍​ និងអាជ្ញាធរមូលដ្ឋានដើម្បីជួយដល់ប្រជាជនជាង ៨៨០.០០០ នាក់ ក្នុងនោះមានកុមារ ៥៥០.០០០ នាក់ ផ្ដល់ជូន​អង្ករ​ជាង​១៣៥ តោន និងសម្ភារៈស្បៀងអាហារដ៏ទៃទៀត។ ​អង្គការទស្សនៈ​ពិភពលោក​ក៏បាន​ជួយ​គាំ​ទ្រ​មណ្ឌលសុខភាពចំនួន៧៤ និង​គ្រួសារ​​ងាយរងគ្រោះនូវសម្ភារៈការពារផ្ទាល់ខ្លួននិងសម្ភារៈអនាម័យរួមមានដូចជា  អាល់កុល ១០​.០០០ លីត្រ ប្រអប់ម៉ាស់ចំនួន ៥.០០០​ប្រអប់​ ស្រោមដៃ​​ចំនួន ៩១៩ ប្រអប់ ចែកជូនដល់មណ្ឌលសុខភាពនិងគ្រួសារងាយរងគ្រោះ។ មិនតែប៉ុណ្ណោះរួមមានសៀវភៅអាន​ និង​សម្ភារៈ​សិក្សា​សម្រាប់កុមារ​ជាង​ ៤៥.០០០សម្រាប់ ត្រូវបានចែកជូនដល់កុមារផងដែរ។ 

អង្គការទស្សនៈពិភពលោកធ្វើការដោយផ្ទាល់ជាមួយមនុស្សរាប់សិបលាននាក់នៅតាមភូមិ និងសហគមន៍ ទីក្រុងរាប់ពាន់ នៅជុំវិញ​ពិភព​លោក។ បណ្តាញមូលដ្ឋានរបស់យើងរួមមានបណ្តាញធំៗនៃអ្នកដឹកនាំជំនឿ បុគ្គលិកសុខភាពសហគមន៍ ក្រុមសន្សំ និងក្លឹបកុមារ និងស្ថាប័នរដ្ឋាភិបាលថ្នាក់ភូមិនិងស្រុក។ តាមរយៈបណ្តាញផ្សារភ្ជាប់ទាំងនេះកំពុងត្រូវ បានកេណ្ឌប្រមូល ដើម្បីទប់ស្កាត់​ការរីករាល​ដាល​និងផលប៉ះពាល់នៃជំងឺកូវីដ១៩ ។

កំណត់សម្គាល់

តាមរយៈកិច្ចការរបស់អង្គការទស្សនៈពិភពលោក នៅរៀ​ងរាល់៦០វិនាទី មានគ្រួសារមួយទទួលបានទឹកស្អាតប្រើប្រាស់​ កុមារដែលអត់​អាហារ​ម្នាក់ទទួលបានអាហារបរិភោគ ​គ្រួសារមួយទទួលបានជំនួយសម្រាប់ជំនះនឹងភាពទីទាល់ក្រ។ការចូលរួមចំណែក និងការ​បរិច្ចាគ​របស់លោកអ្នកមកកាន់អង្គការទស្សនៈពិភពលោកគឺជាផ្នែកមួយដ៏សំខាន់ ដើម្បីជួយ យើងលុបបំបាត់ភាពទីទាល់ក្រ។ យើង​ជឿជាក់​ថាតាមរយៈការចូលរួមរបស់លោកអ្នក យើងអាចផ្លាស់ប្តូរជីវិតរបស់កុមារ ងាយរងគ្រោះបំផុត៕