រាជធានីភ្នំពេញ៖ ​អគាររាងគ្រាប់មីនប្រឆាំងមនុស្សធំជាងបំផុតក្នុងពិភពលោក​ នឹងត្រូវបានកសាងឡេីងនៅទឹកដីនៃខេត្តសៀមរាប​ នៅឃុំត្រពាំងធំ​ ស្រុកប្រាសាទបាគង​ ខេត្តសៀមរាប ក្នុងពេលដ៏ឆាប់ខាងមុខនេះ ក្រោយពី CMAC និង JICA បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សារួច។

នាថ្ងៃ១៩ ខែសីហា ឆ្នាំ២០២២ នៅទីបញ្ជាការមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា និងលោកស្រី KOMUKAI ERI ទីប្រឹក្សាជាន់ខ្ពស់របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ប្រចាំទីក្រុងតូក្យូ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា លើពង្រៀងលទ្ធផលនៃការសិក្សានិងរៀបចំគម្រោងសាងសង់អគារសិក្សា​ អគារសាលប្រជុំ​ អគារស្នាក់នៅ​ និងអគារអាហារដ្ឋាននៃវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន និងសារមន្ទីរសន្តិភាពសកម្មភាពមីនសៀមរាប (Preparatory Survey on Project for construction of training complex and outreach facility of the Cambodian Mine Action Centre) ក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រជាជន​ និង​រដ្ឋាភិបាលជប៉ុន ។

សូមជម្រាបថា ក្រុមប្រឹក្សាយោបល់នៃ JICA បានសិក្សាវាយតំលៃតំរូវការគំរោង តាមការស្នេីសុំរបស់របស់អង្គភាពសុីម៉ាក់​ លេីគម្រោងសាងសង់ខាងលេី និងក្រោយពីបាន​សិក្សាអស់រយ:ពេលជាច្រេីនខែ​ និងពិភាក្សាលើការងារនេះយ៉ាងល្អិតល្អន់ជាមួយមន្ត្រីជំនាញអង្គភាពសុីម៉ាក់។​

សូមបញ្ជាក់ថា គោលបំណងនៃគម្រោងនេះ​ ដេីម្បីពង្រឹងសមត្ថភាពអង្គភាពសុីម៉ាក់ក្នុងការផ្តល់ការហ្វឹកហ្វឺន​ជំនាញសកម្មភាពមីនទាំងកំរិតជាតិនិងអន្តរជាតិ​។ តាមរយៈការសាងសង់អគារទាំងឡាយខាងលេី​បន្ថែមទៀតនេះ​ នឹងជួយវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ឱ្យផ្តល់ការហ្វឹកហ្វឺនកាន់តែមានវិជ្ជាជីវ:បន្ថែមទៀត។ 

ទន្ទឹងនឹងនេះ​ ការកសាងសារមន្ទីរសន្តិភាពសកម្មភាពមីននៅសៀមរាប​ ជួយពង្រឹងការងារផ្សព្វផ្សាយនូវស្មារតី​ស្រលាញ់សន្តិភាព​ ប្រឆាំងសង្គ្រាម​ ជាពិសេសវាជាឃ្លាំងព័ត៌មានចំណេះដឹង​សំរាប់អប់រំយុវជនជំនាន់ក្រោយៗ​ អាចស្វែងយល់រៀនសូត្រពីមរតកនៃសង្គ្រាម​ និងសំណល់យុទ្ធភណ្ឌក្រោយសង្គ្រាមនៅកម្ពុជា៕