ទំនេរពីការងារបុរស​វ័យ ២៨ ឆ្នាំម្នាក់ ដែលជានិស្សិត បញ្ចប់អនុបណ្ឌិតផ្នែក គ្រប់គ្រងពាណិជ្ជកម្ម ពីប្រទេសអូស្ត្រាលី ឈ្មោះ ឡា​ ទី បានបង្កើតជំនួញថ្មីស្រឡាងមួយ ដោយដាក់ឈ្មោះថា ឡា​ ផបស៍(La Pops) ។

ឡា ផបស៍ ជាហាងការ៉េមចល័ត ដែលដាក់លក់ការ៉េមដើមថ្មីប្លែកជាច្រើនរសជាតិ ហើយផលិតដោយខ្មែរផ្ទាល់ ។លោក ឡា​ ទី ដែលជាម្ចាស់ការ៉េម ឡា ផបស៍ ផ្ទាល់ បានឲ្យដឹងថា  ឈ្មោះ ឡា ផបស៍ នេះ គឺមកពី ត្រកូលគាត់និងគ្រួសារគឺ ឡា ហើយ ផបស៍ គឺមកពីពាក្យអង់គ្លេស Pop cicles។

គាត់បន្ថែមទៀតថា៖«មុនពេលបើកជំនួញថ្មីនេះ លោកនិងក្រុមគ្រួសារ មានប្រវត្តិនិងចំណេះដឹង ខាងការ៉េមខ្លះហើយព្រោះពួកគាត់ធ្លាប់ធ្វើការ៉េមតូចៗ លក់ឲ្យក្មេងៗតាមសាលាបឋមសិក្សាធម្មតាតែពេលលោកបានទៅលេងប្រទេសអឺរ៉ុបដូចជា បារាំងនិងអ៊ីតាលី លោកសង្កេតឃើញ ការ៉េមថ្មីៗនិងប្លែកៗហើយមានគុណភាពខ្ពស់ជាច្រើនដូច្នេះលោកក៏យកអ្វី ដែលបានឃើញ មកបូករួមនឹងគំនិងច្នៃប្រឌិត ឲ្យសមនិងបរិបទស្រុកយើងមកបង្កើតជាការ៉េមដើម La Pops នេះ។»

ឡា ទីបន្តថា ៖«ការ៉េមប្រភេទ Gelato មានច្រើនហើយនៅទីនេះដូច្នេះបើយើងធ្វើការ៉េមដើម វាងាយស្រួលញ៉ាំហើយប្លែក»។ «ប្រទេសយើងមានអាកាសធាតុក្តៅដូច្នេះម្នាក់ៗ ចូលចិត្តញ៉ាំការ៉េម អញ្ចឹងបើយើងធ្វើឲ្យល្អ ឲ្យឆ្ងាញ់អ្នកណាក៏ចូលចិត្តដែរ។»

គាត់និយាយទាំងញញឹមទៀតថាគាត់ព្យាយាម បង្កើនគុណភាពនិងរសជាតិការ៉េមដោយសារគាត់ចង់ទាក់ទាញភ្ញៀវផ្សេងលើសពីក្មេងៗ ពោលគឺ សិស្សវិទ្យាល័យ មហាវិទ្យាល័យ និងអ្នកធ្វើការជាដើម។

 គាត់បានបញ្ជាក់ទៀតថា ចំណុចពិសេសរបស់ ការ៉េម La Pops នេះ​គឺ ការ៉េមត្រូវបាន ផលិតស្រស់ៗជារៀងរាល់ថ្ងៃពោលគឺធ្វើមួយថ្ងៃលក់មួយថ្ងៃ ហើយអ្វីដែលពិសេសជាងគេនោះគឺគ្រឿងផ្សំទាំងអស់លើកលែងតែម្សៅការ៉េម គឺសុទ្ធតែជារបស់ក្នុងស្រុក។ «យើងព្យាយាមប្រើរបស់ក្នុងស្រុកឲ្យបានច្រើនជាទីបំផុត ដើម្បីគាំទ្រផលិតផលស្រុកយើង។»

អ្វីដែលគួរឲ្យសំគាល់នោះគឺ លោកបានប្រាប់ថា៖«ពេលភ្ញៀវឃើញការច្នៃម៉ូតរបស់ការ៉េម គេសួរថាការ៉េមនាំចូលពីណាមក តែការពិត វាជាផលិតក្នុងស្រុកដែលយើងបង្កើតខ្លួនឯង ហើយធ្វើខ្លួនឯងដោយដៃ។»

គួរបញ្ជាក់ផងដែរថាសព្វថ្ងៃ La Pops ជាហាងការ៉េមចល័តមួយ ដែលភាគយើងឃើញដាក់លក់នៅមុខវិទ្យាស្ថានភាសាបរទេស។ឡា ទី រៀបរាប់ថា៖ «យើងជ្រើសរើសដាក់លក់ នៅលើរ៉ឺម៉កដោយសារយើងងាយស្រួលចល័តវាទៅទីណា ដែលយើងគិតថានឹងលក់ដាច់»។

គាត់បន្តថាគាត់រើសយកវិទ្យាស្ថានភាសាបរទេស ជាទីតាំងទីមួយដោយសារ គាត់យល់ថា ទីនោះមានប្រជុំគ្រប់ក្រុមមនុស្សហើយមានអ្នកធ្វើដំណើរកាត់ច្រើន តែពេលចុងសប្តាហ៍ ពួកគាត់ក៏ជិះទៅលក់នៅតំបន់ផ្សេងៗផងដែរ។

គាត់បន្តទាំងរីករាយទៀតថាLa Pops បើកដំណើរការ មិនទាន់បានមួយសប្តាហ៍នៅឡើយតែគាត់ទទួលបានការគាំទ្រគួរសម ទាំងពីភ្ញៀវជាតិនិងអន្តរជាតិ។

ឆ្លើយតបទៅនឹងសំនួរថាតើគាត់មានបំណងពង្រីកអាជីវកម្ម ដោយដាក់លក់ផលិតផលអ្វី ក្រៅពីការ៉េមឬអត់នោះ ឡា ទីបាននិយាយថា ដោយសារអាជីវកម្មនៅក្មេងខ្ចី លោកមិនចង់ធ្វើអ្វី អោយលើសពីការ៉េមនេះទេតែលោកនឹងព្យាយាម ដាក់ទីតាំងថ្មីៗ ឲ្យលើសពីអ្វីដែលមានស្រាប់។

ជាចុងក្រោយឡា ទី ក៏បានអំពាវនាវឲ្យ ប្រជាពលរដ្ឋទាំងអស់ជួយគាំទ្រ អ្វីដែលជាផលិតផលក្នុងស្រុកហើយធ្វើឡើងដោយដៃ របស់ប្រជាជនខ្មែរផ្ទាល់៕

អត្ថបទដោយ ជី បូណ៍មី