លោក ត្រាំ បានប្រកាសពីផែនការ ក្នុងការដំឡើងពន្ធលើដែកថែប៥០ភាគរយ និងអាលុយមីញ៉ូម២០ភាគរយហើយលោក ត្រាំ ក៏ទទួលស្គាល់ថា ទំនាក់ទំនងអាមេរិកជាមួយប្រទេសទួរគី មិនស្ថិតក្នុងស្ថានភាពល្អនោះទេ។
កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីតួកគី អេរដូហ្គេនបាននិយាយ មុនពេលលោក Trump ផ្សាយនៅលើ Tweeter ថា "គាត់នឹងក្រោកឈរ ប្រឈមនឹងការដាក់សម្ពាធ ពីសហរដ្ឋអាមេរិក"។
លោក អេរដូហ្គេន បាននិយាយថា «កុំភ្លេច!! ប្រសិនបើពួកគេមានប្រាក់ដុល្លារ យើងក៏មានប្រជាជនរបស់យើងព្រះជាម្ចាស់របស់យើង ហើយយើងកំពុងធ្វើការយ៉ាងសកម្ម។ សូមមើលអ្វីដែលយើងមានកាលពី 16 ឆ្នាំមុន ធៀបនឹងអ្វីដែលយើងមាននៅពេលឥឡូវនេះ»។
រដ្ឋបាល Trump បានជំទាស់នឹងផែនការរបស់ប្រទេសទួរគី ក្នុងការទិញប្រព័ន្ធការពារមីស៊ីលពីរុស្ស៊ី។ សមាជិកសភាអាមេរិក មានការព្រួយបារម្ភថា ប្រព័ន្ធការពារមីស៊ីលអាចបង្ហាញពីភាពទន់ខ្សោយ នៃការផលិតយន្តហោះ របស់សហរដ្ឋអាមេរិក។
ព្រឹទ្ធសភាអាមេរិក ក៏បានបោះឆ្នោត ទប់ស្កាត់ការលក់យន្តហោះ ទៅកាន់ប្រទេសទួរគីផងដែរ ដោយបានលើកឡើងពីការព្រួយបារម្ភ អំពីការឃុំខ្លួនលោក Brunson។
គួរបញ្ជាក់ថា ប្រទេសតួកគី បានឃុំខ្លួនគ្រូគង្វាលសាសនាគ្រឹសលោក Brunson តាំងពីឆ្នាំ 2016 ដោយចោទប្រកាន់ថា គាត់មានជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ង ធ្វើរដ្ឋប្រហារមួយ ដែលទទួលការបរាជ័យកាលពីឆ្នាំ ២០១៦។
ភាពតានតឹងរវាងបណ្តាប្រទេសទាំងពីរ ក៏បានពង្រីកទៅជាសង្គ្រាមពាណិជ្ជកម្មផងដែរ។ រដ្ឋបាលលោក ត្រាំ កាលពីខែមីនា បានកំណត់ពន្ធចំនួន២៥ភាគរយ និង១០ភាគរយលើការនាំចូល ដែកនិងអាលុយមីញ៉ូម ពីដៃគូពាណិជ្ជកម្មជាច្រើន ដោយមានទាំងប្រទេសទួរគី។
នៅក្នុងខែមិថុនាប្រទេសទួកគី ក៏បានឆ្លើយតបដោយការកំណត់ពន្ធ មានទឹកប្រាក់ចំនួន1,8 ពាន់លានដុល្លារ លើទំនិញរបស់សហរដ្ឋអាមេរិកមួយចំនួនផងដែរ៕